(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី និងសហការី ចុះ ពិនិត្យការងារបង្កបង្កើនផល និងស្ថានភាពទឹកតាមប្រព័ន្ធធារាសាស្រ្តក្នុងស្រុកចន្ទ្រា។ 

លោក សរ សុដានី បានឲ្យដឹងថា ថ្ងៃនេះក្នុងនាមអាជ្ញាធរខេត្តបានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការងារបង្កបង្កើនស្រូវប្រាំងនៅប្រព័ន្ធធារាសាស្ត្រដូនទយ និងបន្តចុះពិនិត្យកន្លែងខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង ស្ថិតនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា។

លោកបានបន្តថា តាមការចុះពិនិត្យជាក់ស្ដែងឃើញថា ប្រឡាយគោកតែកនាំទឹកពីព្រែកវៀតណាមត្រូវបានចាក់លុបបិទផ្លូវទឹកប្រឡាយនៅចំណុចមួយចំនួន ដោយគ្មានការដាក់ប្រព័ន្ធលូ។ ក្រោយពិនិត្យឃើញស្ថានភាពបែបនេះ លោកបានចាត់ឲ្យរដ្ឋបាលស្រុកចន្ទ្រា និងរដ្ឋបាលឃុំចន្ទ្រា ដោះស្រាយកាយដីចេញពីប្រឡាយគោកតែកវិញ ដើម្បីឲ្យមានផ្លូវទឹកសម្រាប់ប្រជាកសិករប្រើប្រាស់ស្រោចស្រពស្រូវប្រាំងដែលកំពុងខ្វះខាតទឹកចំនួន១៥០ ហិកតា ឲ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រឡាយគោកតែកនេះ មានលទ្ធភាពអាចស្រោចស្រពបាន ៥៥០ហិកតា ហើយត្រូវបានស្ដារឡើងវិញក្នុងអំឡុងឆ្នាំ២០១៩ ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។

បន្ទាប់ពីបានពិនិត្យទីតាំងខាងលើលោកអភិបាលរងខេត្ត និងសហការរីបានបន្តពិនិត្យមើលវឌ្ឍនភាព នៃការស្តាអូរំចេក បឹងបែកចាន និងព្រែកកំពង់រោទិ៍ ដើម្បីត្រៀមលក្ខណៈធ្វើជាអាងស្តុកទឹក ក៏ដូចជាប្រព័ន្ធធារាសាស្ត្រធានាដល់ការ ស្រោចស្រព ស្រូវជូនដល់បងប្អូនប្រជាពលរដ្ឋទៅថ្ងៃអនាគតផងដែរ៕