(អឺរ៉ុប)៖ គណៈកម្មាធិការអឺរ៉ុប បានចេញបញ្ជាឲ្យប្រទេស អៀឡង់ ដកហូតប្រាក់ចំនួន១៣ពាន់លានអឺរ៉ូ ដែលស្មើនឹង១៤.៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុន Apple បូករួមទាំងការប្រាក់ផងដែរ បន្ទាប់ពីបានចេញសេចក្តីសម្រេចថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ បានលួចប្រយោជន៍ពីពន្ធខុសច្បាប់ ពីរដ្ឋាភិបាលអៀឡង់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌អន្តរជាតិ ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ។

បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលបីឆ្នាំកន្លងទៅនេះ គណកម្មាធិការអឺរ៉ុប បានសម្រេចថា ការបង់ពន្ធរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកមួយនេះមានលក្ខណៈខុសច្បាប់។ សេចក្តីសម្រេចនេះបានបង្ហាញថា ក្រុមហ៊ុនApple តម្រូវឲ្យបង់ពន្ធស្មើនឹង១ភាគរយ នៃប្រាក់ចំណេញពីអាជីវកម្មរបស់ខ្លួននៅទឹកដីអឺរ៉ុប។

គណកម្មាធិការអឺរ៉ុប បានរកឃើញថា រដ្ឋាភិបាលអៀឡង់បានអនុញ្ញាតឲ្យក្រុមហ៊ុនមួយនេះ បង់ពន្ធខុសច្បាប់ ដោយអនុញ្ញាតឲ្យApple បង់ពន្ធទាបជាងក្រុមហ៊ុនពាណិជ្ជកម្មផ្សេងទៀតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងនេះក្តីទាំងក្រុមហ៊ុន Apple និងរដ្ឋាភិបាលអៀឡង់ ហាក់បង្ហាញការតវ៉ាចំពោះសេចក្តីសម្រេចនេះទៅវិញ។

សូមជម្រាបថា សេចក្តីសម្រេចនេះ បាននាំទៅកាន់កិច្ចស៊ើបអង្កេតជាបន្តទៀត ទាក់ទងនឹងបញ្ហាពន្ធរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកផ្សេងទៀតនៅអឺរ៉ុប៕