(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់សាលានាយទាហានសកម្ម។

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សូមពាំនាំនូវការសួរសុខទុក្ខពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាននៃសាលានាយទាហានសកម្មទាំងអស់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំពោះសាលានាយទាហានសកម្ម ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ប៊ុត សុភាព និងការចូលរួមយ៉ាងសកម្មរបស់នាយក នាយករង យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញតួ នាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ និងវិជ្ជាជីវៈទទួលបានជោគជ័យ តាមបទបញ្ជារបស់អគ្គបញ្ជាការ និងក្រសួងការពារជាតិ ជាពិសេសការ កសាងសាលានាយទាហានសកម្មឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ស័ក្តិសមជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ហើយក៏បានពង្រឹងគុណភាព ហ្វឹកហ្វឺនតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងការដាក់ចេញទិសដៅបន្តមានសារៈសំខាន់ណាស់គ្រប់កងឯកភាព និងសាលាដើម្បីធ្វើការវាយតម្លៃរាល់សកម្មភាព ដែលបានអនុវត្តន៍កន្លងមក ហើយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចដែលនៅសេសសល់ដែលគួរយកចិត្តទុកដាក់ពុះពារ អនុវត្តន៍បន្តជាពិសេការប្រមូលផ្តុំរាល់គំនិតផ្សេងៗតាមការលើកជាយោបល់ និងចូលរួមការពិភាក្សា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំសាលានាយទាហានសកម្ម រួមមាន៖

ទី១៖ បន្តដឹកនាំសាលា និងអប់រំឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចូលរួមថែរក្សាសន្តិភាពរបស់ប្រទេសជាតិ ដោយគោរពច្បាប់ គោរបទបញ្ជា គោរពវិន័យរបស់កងទ័ព និងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងចូលរួមអនុវត្តន៍ និងគាំទ្ររាល់យុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគាំទ្រការដឹកនាំរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ទី២៖ បន្តកសាងសាលាឱ្យស័ក្តិសមជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទដូចជា៖ ការកសាងអគារ និងទីលានថ្មីៗតាមសេចក្តីត្រូវការជំនាញនីមួយៗសម្រាប់បម្រើឱ្យហ្វឹកហ្វឺនជាពិសេសការបំពាក់ឧបទេសសិក្សាតាមបច្ចេកវិទ្យាថ្មីសម្រាប់បម្រើឱ្យគរុកោសល្យក្នុងការបង្រៀន ដែលងាយស្រួលដល់យោធាចារ្យ និងធ្វើឱ្យសិក្ខាកាមងាយយល់ ងាយចេះ និងងាយចាំ។

ទី៣៖ ក្រៅពីនេះសាលាត្រូវយកចិត្តទុកដាក់លើការងារមួយចំនួនទៀតដូចជា៖

*ការត្រៀមខ្លួនទទួលយកការកែសម្រួលរចនាសម្ព័ន្ធថ្មី ដែលត្រូវផ្ទេរមហាវិទ្យាល័យបញ្ជាការ, សេនាធិការពីសាកលវិទ្យាល័យការពារជាតិ មកចំណុះអគ្គបញ្ជាការដ្ឋាន និងរៀបចំរចនាសម្ព័ន្ធសាលានេះឱ្យក្លាយជាវិទ្យាស្ថានបញ្ជាការ, សេនាធិការ ហើយបំពេញតួនាទីក្នុងការបណ្តុះបណ្តាលវគ្គបញ្ជាការ, សេនាធិការ ចាប់ពីពេលនេះតទៅ ហេតុនេះដើម្បីទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលវគ្គបញ្ជាការ, សេនាធិការនាពេលខាងមុខ ស្ថាប័នពាក់ព័ន្ធ និងសាលាត្រូវខិតខំរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថានបញ្ជាការសេនាធិការឱ្យបានសមស្របតាមតួនាទីភារកិច្ច ការរៀបចំធនធានមនុស្សតាមរចនាសម្ព័ន្ធឱ្យមានសមត្ថភាពក្នុងការបំពេញការងាររៀបចំកម្មវិធីសិក្សា រៀបចំខ្លឹមសារហ្វឹកហ្វឺន រៀបចំយោធាចារ្យឱ្យបានត្រឹមត្រូវ និងមានសមត្ថភាពគ្រប់គ្រាន់ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធផ្សេងៗក្នុងការចាត់តាំងដំណើរការរបស់វិទ្យាស្ថាន។

*ធ្វើការអប់រំសតិអារម្មណ៍ដល់យោធិនទាំងអស់ឱ្យទទួលយកការចាត់តាំងតាមតួនាទីថ្មី តាមរចនាសម្ព័ន្ធរបស់វិទ្យាស្ថានបញ្ជាការ, សេនាធិការ និងការចាត់តាំងនាយទាហានទៅតាមរចនាសម្ព័ន្ធរបស់វិទ្យាស្ថានឱ្យស្របតាមសមត្ថភាពរបស់យោធិនម្នាក់ៗដោយតម្លាភាព និងយុត្តិធម៌ ព្រមទាំងពង្រឹងការសាមគ្គីភាពគ្នា រួមគ្នា និងស្រុះគ្នាក្នុងការអនុវត្តន៍ភារកិច្ចឱ្យបានជោគជ័យ។

ទី៤៖ ត្រូវរៀបចំឱ្យមានក្រុមស្រាវជ្រាវ ដើម្បីធ្វើការកែសម្រួលគរុកោសល្យបង្រៀនតាមបច្ចេកវិទ្យាថ្មីៗ និងចូលរួមជាមួយទីចាត់ការជំនាញអំពីការកែសម្រួលឯកសារឱ្យស្របតាមសភាពការណ៍ដែលវិវត្តន៍នៃសង្គ្រាមថ្មីៗ ព្រមទាំងតាមបច្ចេកវិទ្យាយោធាដែលកំពុងរីកចម្រើនយ៉ាងលឿន និងគ្រឿងបំពាក់ថ្មីៗដូចជា៖ ដូន, សង្គ្រាមបច្ចេកវិទ្យាជាដើម ដើម្បីសិក្សារៀបចំឯកសារឱ្យស្របតាមយុទ្ធសាស្ត្រ យុទ្ធវិធីសង្គ្រាមបច្ចុប្បន្ន។

និងទី៥៖ បន្តពង្រឹងគុណភាពសិក្សា តាមនិយាមរបស់គណៈកម្មាធិការជាតិវាយតម្លៃគុណភាពសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសត្រូវចេះស្វ័យវាយតម្លៃរបស់សាលាដោយខ្លួនឯង ហើយផ្ញើជូនគណៈកម្មាធិការថ្នាក់លើ និងស្ថាប័នជំនាញចូលរួមយោបល់ ធ្វើយ៉ាងណាឱ្យសាលាទទួលបានជោគជ័យតាមតួនាទីភារកិច្ច និងសិក្ខាកាមពេលចប់វគ្គមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច៕