(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋ១គ្រួសារឈ្មោះ ឌិប ផាឌីន។

បុរសរូបនេះរងគ្រោះដោយសារអគ្គិភ័យ (ឆេះផ្ទះ និងរោងចិញ្ចឹមមាន់) កាលវេលាម៉ោង ៤ទៀបភ្លឺស្ថិតនៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យឆេះផ្ទះ និងរោងកសិដ្ឋានចិញ្ចឹមមាន់បណ្តាលឲ្យខូចខាតទាំងស្រុង។

ក្រៅពីនេះទ្រព្យសម្បត្តិមួយចំនួនក៏រងការឆាបឆេះដែររួមមាន៖

*ឡានចំនួន២គ្រឿង
*ម៉ូតូចំនួន៣គ្រឿង
*រោងមាន់ចិញ្ចឹមមាន់ធ្វើអំពីឈើប្រក់សង្ក័សីចំហំ ៨X៦០ម៉ែត្រចំនួន២ខ្នង
*រោងឡានចំនួន១ខ្នងទំហំ១៥X១២ ម៉ែត្រ
*ងាប់មាន់១២,០០០ក្បាល។ មូលហេតុបណ្ដាលមកពីធ្លាយឆាបឆេះប្រពន័្ធហ្គាសកំដៅមាន់។

ក្រោយមានករណីនេះ លោក ស្រេង សុខា បានពាំនាំការចូលរួមសោកស្តាយពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារងគ្រោះ ព្រមទាំងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

លោកប្រធានក៏សូមឱ្យគ្រួសាររងគ្រោះមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឱ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឱ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គិភ័យនេះ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន៖ អង្ករចំនួន១០០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១យួរ, ទឹកសុទ្ធ១កេស, សំពត់តង់១ផ្ទាំង, ធុងទឹក១, កាទឹក១, មុង១, ភួយ១ និងថវិកាមួយចំនួនផងដែរ៕