(ភ្នំពេញ)៖ លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានថ្លែងប្រាប់ Fresh News នៅថ្ងៃអង្គារ ទី៣០ ខែសីហានេះថា ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា ធ្លាប់ប៉ះហុងកុង តែ២ដងគត់នាពេល កន្លងមក ក្នុងវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី (AFC) ដោយជើងទី១ បានចាញ់ម្ចាស់ផ្ទះហុងកុង ៤-១ ថ្ងៃទី១៨ ខែតុលា មុនចាញ់ ១-០ នៅកម្ពុជាទៀត ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៩៩។
ក្រុមជម្រើសជាតិទាំងពីរ សុទ្ធសឹងទើបជ្រុះពីវគ្គជម្រុះក្នុងជុំទី២ នៃបាល់ទាត់ពិភពលោក World Cup 2018 ប្រចាំទ្វីប អាស៊ីដូចគ្នា តែ Hong Kong ធ្វើបានល្អជាងកម្ពុជាដែលបញ្ចប់ទៅដោយ ចំណាត់ថ្នាក់លេខ៣ ក្នុងពូល C ឆ្លងកាត់៨ ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់២ រកបាន១៤ពិន្ទុ ស៊ុតចូលគេបាន១៣គ្រាប់ និងរបូតវិញតែ៥គ្រាប់ប៉ុណ្ណោះ គ្រាដែល ក្រុមគោព្រៃកម្ពុជា ធ្វើមិនបានល្អឡើយ ឆ្លងកាត់៨ប្រកួតចាញ់ទាំងអស់ មិនដែលឈ្នះ និងស្មើទេ ដោយស៊ុតបញ្ចូលទី គេបានតែ១គ្រាប់គត់ និងរបូតវិញ ២៧គ្រាប់។
តែយ៉ាងណាមិញ កម្ពុជាធ្វើបានល្អជាងហុងកុង ចំពោះ៤ប្រកួតចុងក្រោយដោយមិនធ្លាប់ចាញ់ឡើយ ពោលគឹឈ្នះ៣ និងស្មើ១ដង (កម្ពុជា ២-១ សិង្ហុបុរី, កម្ពុជា ២-០ ទីម័រខាងកើត, កម្ពុជា ២-០ ឆាយនីសតៃប៉ិ និង កម្ពុជា ២-២ ឆាយនីសតៃប៉ិ) ដោយ៤ប្រកួតរបស់ហុងកុងវិញ មិនដែលឈ្នះឡើយ គឺស្មើ១ដង និងចាញ់ ៣ដង ជាមួយនឹងលទ្ធផល ០-០ ពេលជួបជម្រើសជាតិចិន ចាញ់កាតា ២-០ ចាញ់មីយ៉ាន់ម៉ា ៣-០ និងចាញ់វៀតណាម ៣-២ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ក្រោយប្រកួតពេញម៉ោងស្មើលទ្ធផល ២-២។
សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា បានចេញដំណើរឆ្ពោះទៅហុងកុងយប់មិញនេះហើយក្នុងនោះក៏មានកីឡាករ សំខាន់ៗដូចជា ស៊ូ យ៉ាទី, អ៊ុ សេរីរ័ត្ន, ធារី ចន្ថាប៊ីន, ច្រឹង ពលរដ្ឋ, កែវ សុខផេង, នេន សុធារ័ត្ន, ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ជាដើម។
កម្ពុជា ត្រូវជួបប្រកួតទល់នឹងហុងកុង ២ដង (២ជើង) ដោយលើកទី១ នៅលើទឹកដីហុងកុង នៅថ្ងៃទី០១ ខែកញ្ញា និងលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិកវិញ នាថ្ងៃទី០៦ ខែតុលា ហើយថ្ងៃទី០៩ ខែតុលា នឹងប៉ះក្រុមជម្រើសជាតិ ស្រីលង្កាក្នុងមិត្តភាពអន្តរជាតិដូចគ្នា មុនលេងវគ្គជម្រុះទល់នឹងក្រុមឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលា នៃពានរង្វាន់ AFF Suzuki Cup 2016 ដោយមានកម្ពុជាធ្វើម្ចាស់ផ្ទះ៕