(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការយុទ្ធស្ត្រ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ ការងារឱ្យបានជាអតិបរិមា ស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ នៅក្នុងយុទ្ធសាស្ត្រទី៥ កម្មវិធីទី៣៖ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ក្នុងនោះរួមមានចង្កោមសកម្មភាព និងសូចនាករ គន្លឹះរបស់ បេឡាជាតិសន្តិសុខសសង្គម (ប.ស.ស.) បានលើកឡើងពី ការពង្រឹងការអប់រំ និងផ្សព្វផ្សាយលើកកម្ពស់សុខុលមាលភាព ការបង្ការហានិភ័យការងារ និងការគ្រប់គ្រងហិរញ្ញវត្ថុ។

ដើម្បីអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាព ប.ស.ស. បានកំណត់នូវសកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងមួយឆ្នាំត្រូរៀបចំយ៉ាងតិច៩៦០វគ្គ និងមានអ្នកចូលរួមយ៉ាងតិចចំនួន១២៨ ០០០នាក់។

ដោយឡែក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនកម្មករនិយោជិត ប.ស.ស. បានកំណត់នូវសកម្មភាព សិក្សា សហការ និងរៀបចំមធ្យោបាយ ធ្វើដំណើរសមរម្យសម្រាប់កម្មករនិយោជិត សំដៅលើកកម្ពស់កម្មវិធីបង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករ និយោជិតជាប្រចាំ និងត្រូវសិក្សាពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តកែឆ្នៃដែលដឹកម្មករនិយោជិតបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ និយោជិត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់ យ៉ាងយូរត្រឹមឆ្នាំ២០២៧។ ក្រៅពីនេះ របាយការណ៍ស្តីពី ការតាមដានរថយន្តដឹកកម្មករនិយោជិតប្រភេទដឹកទំនិញឱ្យមានការផ្លាស់ប្តូរ និងកែច្នៃកៅអីអង្គុយត្រឹមត្រូវ ត្រូវបានរៀបចំ៕