(ឧត្តរមានជ័យ)៖ ដំណាំឪឡឹកសាច់លឿង និងតាសក់ផ្អែម របស់កសិករនៅតាមបណ្តាលស្រុកមួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានចុះហត្ថលេខា និងចាត់ទុកជាប្រភេទដំណាំផលិតកម្ម កសិកម្មតាមកិច្ចសន្យា ជាមួយឈ្មួញមួយចំនួននៅភ្នំពេញ និងខេត្តសៀមរាប។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា៖ «ដំណាំឪឡឹកសាច់លឿង និងតាសក់ផ្អែម របស់កសិករនៅខេត្តឧត្តរមានជ័យ បានក្លាយជាដំណាំផលិតកម្ម កសិកម្ម តាមកិច្ចសន្យាហើយ ដែលនេះជាជោគជ័យមួយរបស់បងប្អូនប្រជាកសិករ ដែលមានមុខរបរដាំដំណាំប្រភេទឪឡឹកសាច់លឿង និងប្រភេទតាសក់ផ្អែមនេះ»។

ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានបន្តថា ទម្រាំបងប្អូនកសិករដាំដំណាំប្រភេទឪឡឹកសាច់លឿង និងតាសក់ផ្អែម ទទួលបានជោគជ័យដូចសព្វថ្ងៃនេះ គឺបានឆ្លងកាត់នូវការលំបាកជាច្រើនទាំងបច្ចេកដាំដុះ ការថែទាំ និងទីផ្សារ។

ប្រធានមន្ទីរកសិកម្មរូបនេះ បានលើកឡើងថា កិច្ចសន្យាផលិតកម្ម កសិកម្ម ដែលឈ្មួញ និងកសិករបានធ្វើលើដំណាំប្រភេទនេះរួមមាន៖

*កសិករ និងឈ្មួញនៅតែបន្តដាក់វេនដាំដុះ ដែលមានលិខិតកិច្ចសន្យាផលិតកម្ម កសិករ ឆ្នាំ២០២៤
*ឈ្មួញ និងកសិករ នៅតែរក្សាតម្លៃដូចដើម វេចខ្ចប់ និងដឹកតាមរថយន្តក្រុងដល់ភ្នំពេញ
*ការទូទាត់ប្រាក់ រយៈពេល៣ ទៅ៥ថ្ងៃ
*ណែនាំពីបច្ចេកទេស វេចខ្ចប់ដោយដាក់ជាលជ័រ និងទ្រាប់ចំបើង និងបិទស្គុត
*លក្ខ័ណ្ឌរបស់ផ្លែ ស្អាតគ្មានសត្វល្អិតចោះ ជាតិស្ករ ១២ឡើង និងគ្មានជាតិពុល
*តម្រូវការឪឡឹក ចាប់ពី ៥០០គីឡូក្រាម ដល់ ១០០០គីឡូក្រាម ក្នុង១សប្តាហ៍
*តម្រូវការតាសក់ផ្អែម ចាប់ពី ១៥០គីឡូក្រាម ដល់ ២០០គីឡូក្រាម ក្នុង១សប្តាហ៍

លោក សូត្រ ស៊ីសុខឃាង បានបញ្ជាក់ថា ក្រៅពីការជួយកសិករលើការងារបច្ចេកទេសដាំដុះ ការងារថែទាំ ការងារចុះកិច្ចសន្យាផលិតកម្ម កសិកម្ម ជាមួយឈ្មួញ មន្ទីរក៏បានជួយពួកគាត់លើការដឹកជញ្ជូន ដោយបានទំនាក់ទំនង ជាមួយ ក្រុមហ៊ុនរថយន្តដឹកជញ្ជូន ដោយដឹកផលិតផលរបស់កសិករយកតម្លៃទាប និងធានាការដឹកជញ្ជូនដោយសុវត្ថិភាពទៅដល់គោលដៅ។

លោកក៏បានអំពាវនាវដល់កសិករ ត្រូវបន្តភាពស្មោះត្រង់ក្នុងការដាំដុះ ដើម្បីរក្សាគុណភាព រក្សាតម្លៃ ផលិតផល ដើម្បីយើងបន្តជោគជ័យនាឱកាសឆ្នាំក្រោយៗទៀត៕