(ភ្នំពេញ)៖ កម្មវិធីរាត្រីសមោសររបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ស្អែកនេះ ដោយសង្ឃឹមថា កម្មវិធីរាត្រីសមោសរនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ប្រធានអង្គភាពឯកជននានា ព្រមទាំង លោកឧកញ៉ា ជាច្រើនរូបទៀត ដើម្បីជួយទ្រទ្រង់ដំណើរការ សហភាពសហព័ន្ធ អ្នកសារព័ត៌កម្ពុជា សម្រាប់ពង្រឹងវិស័យព័ត៌មាន នៅកម្ពុជាបន្ថែមទៀត។
សូមជំរាបថា នាពេលថ្មីៗនេះ ឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និងជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី បានជួយឧបត្ថម្ភដល់ កម្មវិធីរាត្រីសមោសររបស់ ស.ស.ស.ក ចំនួន ២ម៉ឺនដុល្លារ ជាមួយគ្នានេះដែរ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភ របស់អ្នកឧកញ៉ា ហុង ពីវ ហើយបាន ចាត់ទុកការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើអ្នកសារព័ត៌មានកម្ពុជា ពីសំណាក់អ្នកជំនួញដ៏ល្បីនៅកម្ពុជា។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនោះ បានសម្តែងនូវក្តីសង្ឃឹមថា កម្មវិធីរាត្រីសមោសរ ខាងមុខនេះ នឹងទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានអង្គភាពឯកជននានា ព្រមទាំងលោកឧកញ៉ា ជាច្រើនរូបទៀតផងដែរ។ សហភាពសហព័ន្ធ អ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នាពេលថ្មីៗ។
ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC My TV OneTV, CTN International, BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV, សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times, Kampuchea Thmey សារព័ត៌មាននគរបាល និងសារព័ត៌មាន ភ្នំពេញថែមស៍៕