(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ហៅកាត់ថា «គ៩» ក្រោមកិច្ចដឹកនាំរបស់លោកស្រី និន សាផុន ប្រធានគណៈកម្មការ។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី តំណាងគណៈកម្មការទាំង១០នៃរដ្ឋសភា លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រតិភូអមដំណើរ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

អង្គប្រជុំបានធ្វើការពិភាក្សាផ្លាស់ប្តូរ យោបល់យ៉ាងផុលផុស ជុំវិញវឌ្ឍនភាព និងបច្ចុប្បន្នភាពការងារ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងបំពេញយ៉ាងយកចិត្តទុកដាក់ ស្របទៅតាមចក្ខុវិស័យ គោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា»

លោកស្រី និន សាផុន ជំនួសមុខឱ្យសមាជិក សមាជិកា និងតំណាងគណៈកម្មការជំនាញទាំង១០ បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសម្រេចបានតាំងពីអាណត្តិមុនៗ និងជាពិសេសសមិទ្ធផលថ្មីៗដែលសម្រេចបាន នាដើមអាណត្តិទី៧នេះ រួមទាំងកំណែទម្រង់ ក៏ដូចជាយន្តការគន្លឹះគាំទ្រដល់ការអនុវត្តផែនការអាទិភាពនានា ដែលបានដាក់ចេញ៕