(ភ្នំពេញ)៖ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយកិច្ចប្រជុំមុននេះបន្តិចបានឲ្យដឹងថា កិច្ចប្រជុំរយៈពេល២ថ្ងៃនេះ គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម មិនទាន់ចេញសេចក្តីថ្លែងការណ៍រួមអ្វីទេ ដោយសារនៅខ្វែងគំនិត។
លោក វ៉ា គឹមហុង បានបញ្ជាក់ទៀតថា អាចនឹងមានការចរចាបន្តទៀត នៅពេលសមស្របណាមួយ ដើម្បីដោះស្រាយបញ្ហាខ្វែងគំនិតគ្នាលើបញ្ហាព្រំដែននេះ។ លោកបានបន្តថា ការងារព្រំដែននេះមិនមានភាពងាយស្រួលទេ ហើយស្នើសុំបងប្អូនប្រជាពលរដ្ឋយល់លើបញ្ហានេះ។ ទោះបីយ៉ាងណាយើងនឹងបន្តព្យាយាមរកដំណោះស្រាយបន្ថែមទៀត ដើម្បីឈានដល់ការចេញសេចក្តីថ្លែងការណ៍រួម និងដាក់លិខិតទៅកាន់ប្រទេសបារាំង ដើម្បីស្នើុសុំអ្នកបច្ចេកទេស មកជួយវាស់វែងលើការកំណត់ព្រំដែនកម្ពុជា-វៀតណាម។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជារូបនោះ បានបញ្ជាក់ថា យើងនឹងព្យាយាមគ្រប់យ៉ាងដើម្បីការពារទឹកដីរបស់យើង មិនឲ្យបាត់បង់នោះទេ។
សូមជំរាបថា កិច្ចប្រជុំគណៈកម្មការព្រំដែនកម្ពុជា-វៀតណាម បានធ្វើឡើងរយៈពេល២ថ្ងៃមកហើយ នៅទីស្តីការគណៈរដ្ឋមន្រ្តី ប្រទេសកម្ពុជា ដើម្បីចរចាលើរបៀបវារៈមួយចំនួនដូចជា ការឯកភាពគ្នារវាងប្រទេសទាំងពីរ ក្នុងការស្នើឱ្យ បារាំងជួយបច្ចេកទេស អំពីការគូសផែនទី និងរឿងដែលសម្តេចតេជោ ហ៊ុន សែន ស្នើទៅកាន់វៀតណាម ដែលមិនទាន់ដោះស្រាយ កន្លងមក។ ក្រៅពីនោះកម្ពុជាក៏បានសួរដេញដោលរឿងកំណត់ទូតផងដែរ។