(ភ្នំពេញ)៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូ១គ្រឿងស្របទិសគ្នា និងរថយន្ដបែនធុនធំដឹកដី ហើយត្រូវបើកមកកៀរទាក់ដៃចង្កូតបួងចូលក្រោមកង់ បណ្ដាលឲ្យកិនបែកទាំងមួកសុវត្ថិភាពនៅនិងកន្លែងកើតហេតុតែម្តង នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២ ០១៦ នៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កា ត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
បើតាមសាក្សី បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញរថយន្ដបែនដឹកដី១គ្រឿង បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដោយស្របទិសគ្នា និងម៉ូតូ១គ្រឿងដែលបើកបរដោយនារីរងគ្រោះម្នាក់ ខណៈជិះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបែនដឹកដី បានរេចង្កូតទៅកៀរ ម៉ូតូរបស់នារីរងគ្រោះដោយទាក់ដៃចង្កូតដួលបួងចូលក្រោមកង់រថយន្ដ បណ្ដាលឲ្យកិនទាំងមួកសុវត្ថិភាព និងក្បាលបែកធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័ម។
សាក្សីបញ្ជាក់បន្ថែមថា អ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ បន្ទាប់ពីកើតហេតុ ដោយបន្សល់រថយន្ដបង្កម៉ាក HYUNDAI ១គ្រឿងពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-2537។ រីឯស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះជួប គន្ធា អាយុ២៣ឆ្នាំ ស្នាក់នៅភូមិបាឡាំងកើត ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងជាអ្នកបើកបរម៉ូតូម៉ាកសង់ប៊ិច១គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BD-2557។
ក្រោយកើតហេតុ នគរបាលចរាចរបានចុះមកអន្តាគមន៍ ធ្វើការវាស់វែង និងសម្រេចយករថយន្ដបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ ។ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕