(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលកំពុងសិក្សានៅ ប្រទេសអ៊ីស្រាអែល ដែលបានមកធ្វើការសិក្សានៅប្រទេសអ៊ីស្រាអែល ជិតមួយឆ្នាំកន្លងហើយ ដែលនឹងត្រូវវិលត្រឡប់មកកម្ពុជាវិញ នៅដើមខែក្រោយនេះ។
លោក វេង សាខុន បានឲ្យដឹងថា និស្សិតដែលត្រូវបានជ្រើសរើសដើម្បីចូលរួមធ្វើកម្មសិក្សា ត្រូវចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការ ចំណាយផ្សេងៗដូចជា លិខិតឆ្លងដែន សំបុត្រយន្តហោះ ការស្នាក់នៅ អាហារប្រចាំថ្ងៃ និងប្រាក់ឈ្នួលថ្លៃសិក្សានៅអ៊ីស្រាអែល ។ បន្ថែមពីនេះទៅទៀត ថវិកាដែលនិស្សិតទទួលបានតាមរយៈការធ្វើការងារនៅក្នុងកសិដ្ឋានគឺអាច ទូទាត់រាល់ការចំណាយទាំងនោះ និងអាចសន្សំថវិកាត្រឡប់មក ប្រទេសវិញបានមួយចំនួនសមល្មមដែរ។
បន្ថែមពីនេះទៅទៀត កម្មសិក្សានេះមានរយៈពេល១១ខែ ដែលជាទូទៅចាប់ពីខែកញ្ញា រហូតដល់ខែសីហា ។ ក្នុងរយៈពេលកម្មសិក្សា ១១ខែ និស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់រៀន រួមមានទ្រឹស្តី និងការងារស្រាវជ្រាវ ព្រមទាំងការអនុវត្តផ្ទាល់នៅកសិដ្ឋាន។ សូមជម្រាបថា នៅឆ្នាំ ២០០៨ អនុស្សរណៈយោគយល់គ្នា បានធ្វើឡើងរវាង សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រុមហ៊ុន Agrostudies នៃប្រទេស អ៊ីស្រាអែល គឺក្នុងគោលបំណងដើម្បីលើកកម្ពស់ ផ្នែកទ្រឹស្តី និងជំនាញអនុវត្តក្នុងវិស័យកសិកម្ម តាមរយៈការសិក្សារៀនសូត្រនៅក្នុង ថ្នាក់រៀន និងការហ្វឹកហាត់ការងារផ្ទាល់នៅក្នុងកសិដ្ឋាន ដែលមានបទដ្ឋានកសិកម្មទំនើប៕