(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអធិការកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងវត្តមានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សរុបចំនួន ៩៦២រូប។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក លោកស្រី ជាសមាជិក សមាជិកានៃអង្គសន្និបាត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ចដ៏មានសារៈសំខាន់នាពេលនេះ។

លោករដ្ឋមន្រ្តី បានបន្តថា សន្និបាតនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងដាក់ចេញនូវវិធានការ និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ លើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។

លោករដ្ឋមន្រ្តី ហួត ហាក់ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ចទាំងអស់ សូមសម្តែងនូវការដឹងគុណប្រកបដោយកតញ្ញុតាធម៌ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្តល់នូវព្រហ្មវិហារធម៌មិនអាចកាត់ថ្លៃបានដល់យើងទាំងអស់គ្នា ព្រមទាំងបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គសន្និបាតផងដែរ អំពីការប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅ ដើម្បីឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្រួចបេសកកម្មផ្តោតលើការងារអធិការកិច្ចនៅលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងអធិការកិច្ច ក៏បានកំណត់យកទស្សនៈវិស័យជាក់លាក់របស់ក្រសួង «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម» ដែលជាពាក្យស្លោកកេរតំណែលរបស់សម្តេចតេជោ ក្នុងពេលដែលសម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឆ្នាំ២០០៦ និងទស្សនៈ «អធិការកិច្ច ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»

រដ្ឋមន្រ្តី ហួត ហាក់ បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៣ ក្រសួងអធិការកិច្ច រួមទាំងមន្ទីររាជធានី ខេត្ត ទាំង២៥ បានខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីមោទនៈ និងមានសារៈសំខាន់ជាអាទិ៍ ការងារអធិការកិច្ច, ការងារតាមដានការអនុវត្តច្បាប់ ទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ, ការងារផ្សព្វផ្សាយអប់រំច្បាប់, ការងារនីតិកម្ម, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា «គ្មានការជឿទុកចិត្តណាមួយ ដែលអាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ»

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមជូនអង្គសន្និបាតថា ក្នុងបរិបទថ្មីនៃកំណែទម្រង់ក្នុងវិស័យអធិការកិច្ច និងដើម្បីឆ្លើយតបនូវចក្ខុវិស័យខាងលើ ក្នុងគោលបំណងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ក្រសួងអធិការកិច្ចបានដាក់ចេញនូវ ផែនការការងារអាទិភាពចំនួន៤ ដែលមន្ត្រីរាជការទាំងអស់ត្រូវប្រកៀកស្មា សាមគ្គីរួមគ្នាជាធ្លុងមួយសម្រេចឱ្យទាល់តែបាន គឺទី១៖ ការពង្រឹងសមត្ថភាពស្ថាប័ន, ទី២៖ ការសាង និងអភិវឌ្ឍមូលធនមនុស្ស, ទី៣៖ ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួង និងទី៤៖ ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អគ្គាធិការដ្ឋាន អធិការដ្ឋាន គណៈបញ្ជាការឯកភាពរាជធានី ខេត្ត មន្ទីររាជធានី ខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និបាតនាពេលនេះ៕