(កំពង់ឆ្នាំង)៖ ដើម្បីរួមគ្នាអនុវត្តតាមគោលការណ៍របស់លោកអភិបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងបឹងទន្លេសាបដូចជា៖ បទល្មើសនេសាទ បទល្មើសការកាប់បំផ្លាញព្រៃលិចទឹក និងបទល្មើសការទន្ទ្រានយកដីព្រៃតំបន់៣របស់រដ្ឋ ឱ្យមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកសារព័ត៌មានមួយក្រុម សហការជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានបានចុះទៅថតផ្តិតយករូបភាពទីតាំងបទល្មើសនេសាទ១កន្លែង នៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពុងបាស្រូវ ឃុំជលសា ស្រុកជលគិរី។

នៅទីនោះ (បឹងធំ) បឹងនេះចែកជា២ កំណាត់ប៉ែកខា ងលើត្រូវបានកំណត់ជាតំបន់អភិរក្ស និងមួយកំណត់ទៀតទុកឱ្យព្រឹកជានេសាទអាចរកនេសាទជាលក្ខ ណៈគ្រួសារ។ បឹងនេះផងដែរ ក្នុងរដូវប្រាំងមានផ្ទៃទឹកសរុបប្រមាណជា៥០ហិកតា។ បើតាមការពិនិត្យជាក់ស្ដែងដែលក្រុមការងារបានចុះទៅថតផ្ដិតយករូបភាពនៅទីតាំងខាងលើនេះ ឃើញមានគេយកស្បៃមុងមកហ៊ុំព័ទ្ធជុំវិញបរិវេណផ្ទៃទឹកមួយកន្លែងក្នុងបឹងនេះ ដែលមានទទឹ ងប្រមាណជាង ១០០ម៉ែត្រ និងបណ្ដោយប្រមាណ ៣០០ម៉ែត្រ ដោយស្បៃម៉ុងរបស់គេចង់ជាប់នឹងបង្គោលអភិរក្សពូជត្រីនៅចំណុច (បឹងធំ) នេះតែម្ដង។ ដោយឡែកនៅផ្នែកកណ្ដាលស្បៃមុងនេះក៏មានការកាប់មែកឈើព្រៃលិចទឹកដឹកយកមកធ្វើជាសម្រាស់ដាក់ពាសពេញផ្ទៃទឹកក្នុងបរិវេណស្បៃមុងនោះសម្រាប់ជាជម្រកត្រីផងដែរ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រូបភាពខាងលើនេះ គឺគេធ្វើដើម្បីចាប់ត្រីនៅក្នុងបឹងនេះ ជាពិសេសការដាក់សម្រា ស់ជាប់នឹងឡូអភិរក្សពូជត្រីដូចខាងលើនេះត្រីនៅក្នុងបឹងអភិរក្សជាប់នៅទីនោះភាគច្រើនគឺវារត់មកចូលជ្រកក្នុងសម្រាស់របស់ពួកគេដែលដាក់នៅក្បែរនោះស្ទើរគ្មានសល់នោះឡើយ។​ បើតាមពួកគាត់បានឱ្យដឹងថា កន្លែងខ្លះគេអាចដាក់ចំណីដូចជាស្បែកគោ ឬចំណីត្រីផ្សេងៗដើម្បីឱ្យត្រីដែលនៅជុំវិញបរិវេណនោះចូលមកស៉ីហើយជ្រកនៅក្នុងសម្រាស់នោះផងដែរ។

ប្រភពដដែលបានបន្តថា បើតាមគាត់ដឹងឆ្នាំកន្លងទៅសម្រាស់ដែលមានទំហំធំដាក់នៅទីតាំងខាងលើនេះ គេប្រើកម្មករពី១០ ទៅ២០នាក់ ហើយការរើសម្រាស់មែកឈើចេញដើម្បីយកកន្លែងចាប់ត្រី និងការចាប់ត្រីទៀតសោត ត្រូវប្រើរយៈពេលពី១៥ ទៅ២០ថ្ងៃឯណោះ។ ឯឧបករណ៍សម្រាប់ចាប់ត្រីក្នុងស៊ងរបស់គេនេះវិញកាលពីឆ្នាំមុនៗ គឺគេប្រើឧបករណ៍សាច់អួនក្រឡាញឹកដែលមានមុខពី១៣ ទៅ១៥ម៉ែត្រ បំពាក់ទៅដោយឧបករណ៍ឆក់ត្រជាក់អូសដោយកម្លាំងម៉ាស៊ីនធ្វើសកម្មភាពចាប់ត្រីដែលសូម្បីតែត្រីឆ្លូញដែលនៅបាត់ផុកក៏ត្រូវឡើងមកទាំងអស់ដោយសារតែឧបករណ៍ឆក់ត្រជាក់របស់ពួកគេ។ នេះជាប្រភពពីប្រជាពលរដ្ឋដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដែលគេធ្លាប់ធ្វើសកម្មភាពកាលពីឆ្នាំមុនៗកន្លងទៅ។

រីឯប្រភេទត្រីដែលបានមកពីការហ៊ុំព័ទ្ធសម្រាស់ខាងលើនេះ គឺភាគច្រើនជាត្រីល្អៗដូចជាត្រីសណ្ដាយ ត្រីក្រពាត់ ត្រីទ្រនេល ត្រីឆ្លាំង ត្រីកេះ ត្រីឆ្លូញ។ល។ផលត្រីដែលគេប្រមូលបានមានចំនួនរហូតទៅដល់រាប់តោនឯណោះ។

ប្រភពខាងលើបានបញ្ជាក់ឱ្យដឹងទៀតថា សម្រាស់មួយកន្លែងដែលមានទំហំនេះ គឺម្ចាស់មានតែ២ ទៅ៣នាក់តែប៉ុណ្ណោះ ប្រជាពលរដ្ឋធម្មតាមិនមានលទ្ធភាព និងមិនអាចធ្វើបាននោះឡើ យ។ ហេតុនេះពួកគាត់ស្នើសុំឱ្យថ្នាក់ដឹកនាំខេត្ត មេត្តាចាត់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះជនដែលបានប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ខាងលើនេះ ដើម្បីឱ្យរាងចាលបើមិនដូច្នោះទេ ពួកគេនឹងបន្តធ្វើជារៀងរាល់ឆ្នាំជាបន្តបន្ទាប់ទៀត។

រឿងដែលប្រជាពលរដ្ឋឈឺឆ្អាលបំផុតនោះ គឺកំហុសបទល្មើសនេសាទខាងលើនេះទី១៖ គឺការដាក់សម្រាស់ចាប់ត្រីមានទំហំធំដោយខុសច្បាប់, ទី២៖ ហ៊ុំព័ទ្ធចាប់ត្រីដោយប្រើឧបករណ៍ស្បៃមុង, ទី៣៖ កាប់មែកឈើព្រៃលិចទឹកយកមកធ្វើជាសម្រាស់ដាក់ចាប់ត្រីដែលខុសច្បាប់, ទី៤៖ ការដាក់សម្រាស់ជាប់នឹងឡូតិ៍អភិរក្សពូជត្រី និងទី៥៖ ការចាប់ត្រីដោយប្រើឧបករណ៍អួនក្រឡាញឹកមុខធំអូសដោយកម្លាំងម៉ាស៊ីន ប្រសិនបើមានបំពាក់ឧបករណ៍ឆក់ត្រជាក់ចាប់ត្រីដូចឆ្នាំមុនៗទៀតនោះរឹតតែមានកំហុសធ្ងន់ធ្ងរថែមទៀតផង។

ពាក់ព័ន្ធនឹងករណីការដាក់សម្រាស់ខ្នាតធំចាប់ត្រីនៅចំណុចបឹងធំខាងលើនេះ លោក នួន រិទ្ធី នាយរងផ្នែកស្ដីទីកំពង់ប្រាសាទ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឱ្យដឹងថាករណីនេះលោកពុំបានដឹងនោះទេដោយសារតែលោកជាប់រវល់ការងារច្រើនតែករណី នេះលោកនឹងចុះទៅពិនិត្យមើលជាក់ស្ដែង។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ករណីនេះលោកបានទទួលសេចក្តីរាយការណ៍ពីក្រុមការ ងាររបស់លោកដែរ ហើយលោកក៏បានចាត់ឱ្យផ្នែក និងសង្កាត់រដ្ឋបាលជលផល សហការជាមួយសហគមន៍ ចុះទៅធ្វើកិច្ចការនេះហើយ តែសុំឱ្យអ្នកសារព័ ត៌មានជួយតាមមើលករណីខាងលើនេះជាបន្តទៀតផង។

ជុំវិញករណីខាងលើនេះដែរលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បើកើតមានករណីដូចខាងលើនេះពិតប្រាកដមែននោះលោកនឹងបញ្ជាឱ្យមន្ត្រីជំនាញកាប់ស្បៃមុងយកចេញទាំងអស់ ដោយទុកសម្រាស់នៅទីតាំងដដែលតែលោកនឹងមិនអនុញ្ញាតឱ្យហ៊ុំចាប់ត្រីជាដាច់ខាតចំពោះអ្នកដែលប្រព្រឹត្តលោកនឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី។

សូមបញ្ជាក់ថា បើយោងតាមច្បាប់ស្ដីពីជលផល ក្នុងមាត្រា១០២ សកម្មភាពទាំងឡាយណាដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដីមន្ត្រីនគរបាល មន្ត្រីនៃកងយោធពលខេមរភូមិន្ទ ឬមន្ត្រីអាជ្ញាធរផ្សេងទៀត ដើម្បីធ្វើអន្តរាគមន៍ផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬដោយប្រយោលជួយដល់អាជីវកម្មជលផលនិងធ្វើសកម្មភាពគ្រប់ បែបយ៉ាងផ្ទុយនឹងបទបញ្ញត្តិ នៃច្បាប់នេះ ឬធ្វើការគំរាមកំហែងដល់មន្ត្រីរដ្ឋបាលជលផល ឬរាំងស្ទះដល់ការបំពេញភារកិច្ច និងកិច្ចប្រតិបត្តិការរបស់មន្ត្រីជលផលត្រូវចាត់ទុកជាបទល្មើសដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំនិង/ឬពិន័យជាប្រាក់ពី ៥,០០០,០០០រៀល ទៅ ៥០,០០០,០០០)រៀល។

ចំពោះមាត្រា ១០៣ ក្នុងច្បាប់ស្ដីពីជលផល បានបញ្ជាក់ថា​ចំពោះសកម្មភាពដូ ចខាងក្រោមដែលប្រព្រឹត្តឡើងដោយមន្ត្រីរដ្ឋបាលជលផល ត្រូវចាត់ទុកជាបទល្មើសនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំនិង/ឬពិន័យជាប្រាក់ពី ៥,០០០,០០០រៀល ទៅ ៥០,០០០,០០០រៀ។ បើបានប្រព្រឹត្តដូចករណីខាងក្រោម១៖ ផ្ដល់ការអនុញ្ញាតណាមួយដែលផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់នេះ, ២៖ ចូលរួមទាំងស្រុង ឬដោយផ្នែក និងដោយផ្ទាល់ ឬដោយប្រយោលក្នុងសកម្មភាពណាមួយនៃអាជីវកម្មជលផលដែលផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់នេះ។ និងមាត្រា១០៤ ជនណាដែលប្រព្រឹត្តអំពើក្លែងបន្លំគ្រប់ប្រភេទដែលទាក់ទងនឹងវិស័យជលផលត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕