(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ ចូលខ្លួនមកសារភាព និងដោះស្រាយដើម្បីអនុវត្តតាមនីតិវិធី។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរងរបួសស្រាល ចំនួន០២នាក់ និងស្លាប់ ក្មេងស្រី១នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី៕