(ភ្នំពេញ)៖ វិទ្យាល័យទាំង១៥ សូមត្រៀម! យុទ្ធនាការ «ការលើកកម្ពស់ស្តង់ដាសាលារៀនគំរូតាមរយៈការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សាដោយវិធីសាស្រ្តបង្រៀនតាមបែបថ្នាក់រៀនត្រឡប់ និងវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីស្ថាបនានិយម» នឹងចាប់ផ្តើមជំហានទី១ ជាមួយវិទ្យាល័យគោលដៅចំនួន១៥ ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។
វិទ្យាល័យចំនួន១៥នោះ រួមមានដូចខាងក្រោម៖ វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន, វិទ្យាល័យ ជាស៊ីម សាមគ្គី, វិទ្យាល័យ ហ៊ុនសែន បុរី១០០ខ្នង, វិទ្យាល័យ ទួលស្វាយព្រៃ, វិទ្យាល័យ ជាស៊ីម បឹងកេងកង, វិទ្យាល័យ បាក់ទូ, វិទ្យាល័យ ទឹកល្អក់, វិទ្យាល័យ ឥន្ទ្រទេវី, វិទ្យាល័យ ហ៊ុនសែន ប៊ុនរានី ច្បារអំពៅ, វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក,វិទ្យាល័យ ឬស្សីកែវ, វិទ្យាល័យ ព្រែកឯង,វិទ្យាល័យ ហ៊ុនសែន ចាក់អង្រែ, វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ និងវិទ្យាល័យ ជ្រោយចង្វារ។
គួរបញ្ជាក់ផងដែរថា យុទ្ធនាការនេះបានគាំទ្រសូចនាកររងចំនួន១៩ ក្នុងស្តង់ដាចំនួន៣ តាមរយៈ៖
១៖ ការបណ្តុះបណ្តាលក្រុមគ្រូបច្ចេកទេស សិស្សានុសិស្ស និងក្រុមប្រឹក្សាយុវជនអំពីវិធីបង្រៀន និងរៀនតាមបែបថ្នាក់រៀនត្រឡប់ និងវិធីសាស្រ្តបង្រៀនតាមទ្រឹស្តីអប់រំស្ថាបនានិយម
២៖ ការលើកកម្ពស់សមត្ថភាពអំណានរបស់សិស្សានុសិស្ស ជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្លឹបអំណាន និងការប្រកួតប្រជែងអំណាន
៣៖ ការបង្កើតក្លឹបពន្លឿនការសិក្សាសម្រាប់សិស្សដែលរៀនយឺតដោយមិត្តបង្រៀនមិត្ត និងការប្រើប្រាស់មាតិកាឌីជីថល
៤៖ ការពង្រឹងក្លឹបមុខវិជ្ជាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាមួយ Maker Space និងការប្រកួតប្រជែងស្នាដៃវត្ថុគំរូ
៥៖ ការបង្កើតប្រព័ន្ធ Live Teaching / Synchronized Teaching គាំទ្រដល់សិស្សរៀនយឺត និងបេក្ខជនស្វ័យរិន
៦៖ ការបង្វឹកជាមួយធនធានសិក្សា www.duraseksa.com និងកម្មវិធី Duraseksa - ទូរសិក្សា លើការសិក្សាស៊ីជម្រៅ
៧៖ ការលើកកម្ពស់ចំណាប់អារម្មណ៍លើមុខវិជ្ជាវិទ្យាសាស្រ្ត និងគណិតវិទ្យាសម្រាប់សិស្សនៅកម្រិតមធ្យមសិក្សា
បន្ទាប់ពីបញ្ចប់ជំហានទី១ ក្រុមការងារនឹងបន្តចុះយុទ្ធនាការសម្រាប់ជំហានទី២ និងទី៣ ជាបន្តបន្ទាប់ទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាផងដែរ៕