(ព្រៃវែង)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ អិល ប៊ី អិន អេស៊ាន ខេត្តកំពង់ចាម បានបន្តបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់» ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តព្រៃវែង ចំនួន ១១៦ នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកអភិបាលរងខេត្តព្រៃវែង, ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែង និង ខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ។

ជាកិច្ចស្វាគមន៍ លោកអភិបាលរងខេត្តព្រៃវែង បានលើកឡើងថា គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណពីរឆ្នាំហើយ ដែលរដ្ឋបាលឃុំសង្កាត់មានជំនួយការហិរញ្ញវត្ថុ ជាសេនាធិការដល់មេឃុំ ចៅសង្កាត់ លើការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុ, ការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ គ្រប់គ្រង ពិនិត្យ និងតាមដានការអនុវត្តថវិកា ។ លោកអភិបាលរង បន្ថែមថា បើទោះបីជាជំនួយការហិរញ្ញវត្ថុ ជាមន្ត្រីដែលមានចំណេះដឹងលើការងារហិរញ្ញវត្ថុ ដែលត្រូវបានជ្រើសរើសឡើងតាមការប្រឡងក្តី ក៏តាមរយៈលទ្ធផលនៃការអនុវត្តការងារកន្លងមកឃើញថា មន្រ្តីទាំងនោះនៅមិនទាន់មានបទពិសោធន៍លើការងាររដ្ឋបាលឃុំសង្កាត់ និង លើទិដ្ឋភាពបច្ចេកទេសខាងគណនេយ្យសាធារណៈ និងថវិកា នៅឡើយ ពិសេស ពួកគាត់នៅមិនទាន់យល់ច្បាស់អំពី ការរៀបចំឯកសារគណនេយ្យ ការកត់ត្រាកិច្ចបញ្ចិកាគណនេយ្យ និង ការទូទាត់ចំណាយរជ្ជទេយ្យបុរេប្រទាន ជាដើម ដែលទាមទារនូវការបណ្តុះបណ្តាលបន្ថែមទៀត។

លោកអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលបច្ចុប្បន្នបានឈានដល់ដំណាក់កាលទី ៤ (២០២៣-២០២៧) គឺ គណនេយ្យភាពសមិទ្ធកម្ម ជាដំណាក់កាលចុងក្រោយ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ក្នុងដំណាក់កាលទី ៤ នេះ, សិទ្ធិអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវកាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា។ ការណ៍នេះ ទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និងជំនាញវិជ្ជាជីវៈ ដល់មន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនសំដៅបង្កើតបាននូវធនធានដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើសិទ្ធ មានភាពជាម្ចាស់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាលនិងវិក្រឹតការ តែងបានយកចិត្តទុកដាក់ខ្ពស់លើការកសាង និង ការអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ទាំងនៅថ្នាកជាតិ និង ថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមចំណែកដល់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ។ ទន្ទឹមនឹងនេះ ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គដ៏សំខាន់នៅរដ្ឋបាលឃុំសង្កាត់ ដោយហេតុថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាលនិងវិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ។

ក្នុងន័យនេះ, កម្មវិធីបណ្ដុះបណ្ដាលដែលត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពពាក់ព័ន្ធនាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការកសាង និង ការអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗ ដូចជា នីតិវិធីនៃការរៀបចំ និង អនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និង កិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និង កិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលជាមុខងារភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ សំដៅលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ ជាពិសេស ឆ្លើយតបនឹងតម្រូវការរដ្ឋបាលឃុំសង្កាត់ សម្រាប់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោកអនុរដ្ឋលេខាធិការ បានសង្កត់បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែរួមចំណែកដល់ការគាំទ្រ និង ការអនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចគោលដៅដែលបានកំណត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និង មូលធនមនុស្ស ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជាអាទិភាពខ្ពស់បំផុតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅនេះ។

លោកអនុរដ្ឋលេខាធិការ បានគូសរំលេចបន្ថែមថា ស្ថិតក្នុងបរិការណ៍វិវត្តនៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល, រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅតាមក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព សង្គតិភាព ភាពត្រឹមត្រូវ និង ទាន់ពេលនៃព័ត៌មាន និង ទិន្នន័យហិរញ្ញវត្ថុ សម្រាប់ការវិភាគ ការព្យាករ និង ការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ។ នាឆ្នាំ ២០២២ កន្លងទៅ, ប្រព័ន្ធ FMIS ត្រូវដាក់ឱ្យប្រើជាផ្លូវការ នៅរដ្ឋបាលរាជធានី ខេត្ត ទាំង ២៥ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល (FMIS Portal) ជំហានទី ១ ទៅកាន់រដ្ឋបាលស្រុក ៧៥ និង រដ្ឋបាលឃុំ ចំនួន ១៨៥ ។ ហើយក្នុងឆ្នាំ ២០២៣ ក៏បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS Portal នៅរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ចំនួន ៥៤២ បន្ថែមទៀត។

ការណ៍នេះ តម្រូវឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាំបាច់ត្រូវបន្តពង្រឹង ពង្រីកសមត្ថភាពបន្ថែមទៀត ជូនដល់មន្ត្រីរាជការនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលឃុំសង្កាត់ លើជំនាញពាក់ព័ន្ធសម្រាប់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របទៅនឹងការប្រែប្រួលតម្រូវការសមត្ថភាពធនធានមនុស្ស សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងលឿននៃបច្ចេកវិទ្យាព័ត៌មាន និង ឌីជីថល៕