(កំពង់ចាម)៖ ក្រុមការងារអន្ដរក្រសួងដឹកនាំដោយលោក ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ដ្រីបច្ចេកទេសផ្លូវជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST មួយខ្សែប្រវែង ២,៣០០ម៉ែត្រ និងប្រព័ន្ធលូសងខាងផ្លូវសរុប៨០០ម៉ែត្រ ស្ថិតក្នុងភូមិកំប៉ោល ឃុំសណ្តែក ទៅភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងដំណេីរចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST មួយខ្សែនេះ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បញ្ជាក់ថាផ្លូវក្រាលកៅស៊ូនេះ គឺអនុវត្តន៍គម្រោងដោយនាយកដ្ឋានវិស្វកម្មរបស់ក្រសួងការពារជាតិដោយប្រេីប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោក ផូ ផផារិទ្ធបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាផ្លូវឱ្យបានល្អ ព្រមទាំងហាមដឹកជញ្ជូនទំនិញធន់ធ្ងន់លើសចំនួនកំណត់ដែលធ្វើឱ្យផ្លូវងាយរងគ្រោះផងដែរ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទនឹងបន្ដសាងសង់ផ្លូវជាច្រើនខ្សែទៀត នៅឆ្នាំ២០២៤ និងឆ្នាំបន្ដបន្ទាប់ទៀត សម្រាប់អាណត្ដិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅតាមភូមិ ពួកគាត់បានសម្ដែងការសាទរ និងសប្បាយរីករាយ ក្រោយពេលដែលផ្លូវក្រាលកៅស៊ូនេះ ដែលជួយសម្រួលជីវភាពគ្រួសារបានកាន់តែល្អប្រសេីរ និងវាសរសៃឈាមសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ។
ពួកគាត់សូមថ្លែងអំណរគុណយ៉ាងខ្លាំង ដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានកសាងអភិវឌ្ឍន៍ និងថែទាំផ្លូវម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដែលជាសមិទ្ធផលបានបង្ហាញថារាជរដ្ឋាភិបាលមានការយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង៕