(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២៤ បានដឹកនាំប្រជុំដាក់ចេញវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ​ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ព្រះរាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរទេសចរណ៏ មន្ទីរព័ត៌មាន និងលោកអភិបាលក្រុង ស្រុកទាំង៧។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត កុំ៣ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង ត្រូវយកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការឯកភាព ត្រូវយកចិត្តទុកដាក់ប្រកបដោយឆន្ទៈមនសិការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងស៊ីសងតាមអនឡាញឱ្យខានតែបានក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ៕