(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ៩៧គ្រឿង ក្នុងនោះរថយន្តចំនួន ៣៧គ្រឿង និងម៉ូតូ ៦០គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ៩៧គ្រឿង (រថយន្ត ចំនួន ៣៧គ្រឿង និងម៉ូតូចំនួន ៦០គ្រឿង)៖

*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៤៩គ្រឿង, កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន១៣គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន០៣នាក់ និងអ្នកបើកបររថយន្ត ចំនួន១០នាក់

+កម្រិត ០.៤០ mg/L ឡើង ចំនួន៣៦គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន២០នាក់ និងអ្នកបើកបររថយន្ត ចំនួន១៦នាក់

*ទី២៖ បទល្មើសផ្សេងៗ ចំនួន៤៨គ្រឿង, អត់មួកសុវត្ថិភាព ចំនួន៣៣គ្រឿង, ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន០៣គ្រឿង, ម៉ូតូជិះបញ្រ្ចាស ចំនួន០១គ្រឿង នុងរថយន្តគ្មានប័ណ្ណបើកបរ ចំនួន១១គ្រឿង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»