(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសូទ្រនិគម និងលោក សោម សារ៉ូ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តសៀមរាប និងជាបេក្ខជនសមាជិកព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបសំណេះសំណាលសមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ មកពី១០ឃុំ នៅស្នាក់ការគណបក្សស្រុកសូទ្រនិគម ខេត្តសៀមរាប។

អង្គពិធីទាំងមូលបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតកាលទី៥។

លោកបណ្ឌិតបានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គបោះឆ្នោត សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សូមចូលរួមក្នុងយុទ្ធនាការឃោសនាឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់បក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ។

លោកបណ្ឌិតបានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះអង្គបោះឆ្នោតដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងដែលជានិច្ចកាលបានផ្ដល់យុត្តិធម៌ ការជឿជាក់ និងការគាំទ្រយ៉ាងរឹងមាំដល់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសតាំងពីថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ រហូតមកដល់ពេលនេះ។

គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងជាអង្គបោះឆ្នោត ដោយឡែកនៅស្រុកសូទ្រនិគម មានអង្គបោះឆ្នោតចំនួន៦១នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា៕