(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ លោកព្រំ ទីគូ ជាសមាជិកក្រុមប្រឹក្សាឃុំម្សាក្រង ស្រុកស្ទោង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង។

លោកស្រីបានលើកឡើងថាដោយទទួលដំណឹងពីស្ថានភាពសុខភាពមិនល្អនិងការចូលសម្រាកមន្ទីរពេទ្យរបស់លោក ព្រំ ទីគូ លោកស្រីបានរួសរាន់មកកាន់ទីនេះផ្ទាល់តែម្ដង។

ដោយមានការយកចិត្តទុកដាក់ពីលោកគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកនេះឃើញថាស្ថានភាពជំងឺរបស់លោក ព្រំ ទីគូ មានស្ថានភាពប្រសើរឡើង មានទឹកមុខស្រស់ថ្លា និងមានកម្លាំងរឹងមាំ។

លោកស្រីបានជំរុញឱ្យក្រុមគ្រួសាររបស់លោកត្រូវមើលថែទាំលោកឱ្យបានដិតដល់នឹងត្រូវដាក់វេនគ្នាជាប្រចាំដែលជាទង្វើមួយផ្ដល់ភាពកក់ក់ក្តៅ និងកម្លាំងចិត្តដល់លោកដែលជាអ្នកជំងឺផ្ទាល់។

លោកស្រីបានសំណូមពរដល់លោកត្រូវថែទាំសុខភាពឱ្យបានល្អ ព្រមទាំងស្ដាប់ការណែនាំនិងតាមវិជ្ជបញ្ជារបស់លោកគ្រូពេទ្យដើម្បីជៀសវាងនៅបញ្ហាណាមួយកើតឡើង។

នៅទីបញ្ចប់លោកស្រី ឃួន ឃុនឌី សូមជូនពរដល់លោក ព្រំ ទីគូ ឱ្យឆាប់ជាសះស្បើយ និងត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ក្នុងពេលចុះសួរសុខទុកលោកស្រីបានផ្ដល់ជូននូវថវិកា និងសម្ភារៈមួយចំនួនផងដែរ៕