(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នៅឆ្នាំ២០២៤នេះ នឹងរៀបចំធ្វើតេស្តឈាមរកមេរោគអេដស៍ ចែកស្រោមអនាម័យដោយឥតគិតថ្លៃ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយនឹងរៀបចំកម្មវិធីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧៖៣០ព្រឹក ដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ លើកទឹកចិត្តទូទាំងពិភពលោកឱ្យចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាសស្រោមអនាម័យជាប់ជាប្រចាំ។

យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង១លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ចាប់តាំងពីឆ្នាំ១៩៩០ ដោយសារតែស្រោមអនាម័យដែលអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ មេរោគអេដស៍ និងមេរោគផ្សេងៗទៀត និងជួយសង្រ្គោះជិវិត ហើយនេះជាមូលហេតុដែលត្រូវរៀបចំក្នុងទិវាស្រោមអនាម័យអន្តរជាតិ និងលើសពីនេះ ពិភពលោកត្រូវតែចងចាំថា៖ ស្រោមអនាម័យមានសុវត្ថិភាព និង សិចស៊ី និងចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។

ទិវាស្រោមអនាម័យអន្តរជាតិ បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ខែកុម្ភៈ ដែលជាទិវាស្រោមអនាម័យអន្តរជាតិផ្តល់ឱ្យមនុស្សជុំវិញពិភពលោកនូវឱកាសទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ និងព័ត៌មានសំខាន់ៗអំពីការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ និងបញ្ហាសុខភាពផ្លូវភេទផ្សេងទៀត។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង ៤៦ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕