(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២៤ បានជួបសំណេះសំណាលសមាជិក សមាជិកានៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ មកពី៤ឃុំ នៅស្នាក់ការគណបក្សស្រុកស្វាយទាប ខេត្តស្វាយរៀង។
សម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក គណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោត សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសូមចូលរួមក្នុងយុទ្ធនាការឃោសនាឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់បក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ។
គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងជាអង្គបោះឆ្នោត ដោយឡែកនៅខេត្តស្វាយរៀង មានអង្គបោះឆ្នោតសរុប៥១៨នាក់ ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានអង្គបោះឆ្នោតចំនួន៤១៨ និងគណបក្សភ្លើងទៀនមានចំនួន១០០៕