(កំពត)៖ រដ្ឋបាលខេត្តកំពតមានគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត២កន្លែងបន្ថែមទៀត ទី១គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់និងស្ពាន់ថ្មី និងទី២ឆ្នេរខ្សាច់ចន្លោះស្ពានថ្មីនិងស្ពានរថភ្លើង ដោយមានការក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពង់បាយ កសាងរូបសេះសមុទ្របាញ់ទឹកខាងមុខសាលាខេត្តចាស់ កែសម្រួលទីលានកីឡាលើទឹកមកជាសួនច្បារ រៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់បណ្តោយព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវនិងសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។

ការលើកឡើងដូច្នេះក្នុងពេលលោក ម៉ៅ ធនិន អភិបាលខេត្តកំពត់ ដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យនិងសិក្សាគម្រោងកែលម្អសោភ័ណភាពសួនច្បារដងព្រែកកំពង់បាយ ស្ថិតនៅសង្កាត់កំពង់កណ្ដាល ក្រុងកំពត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងថា រដ្ឋបាលខេត្តបាននិងកំពុងអនុវត្តគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ក្នុងនោះមានដូចជាគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត២កន្លែងបន្ថែមទៀត ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់និងស្ពាន់ថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ដែលការរៀបចំគឺក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពង់បាយ ការបង្កើតបំពាក់រូបសេះសមុទ្របាញ់ទឹកនៅវេរ៉ងដាខាងមុខសាលាខេត្តចាស់ ការកែសម្រួលទីលានកីឡាលើទឹកមកជាសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់បណ្តោយព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវនិងសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។

លោកអភិបាលខេត្តបានបន្តថា សម្រាប់ដំណើរចុះពិនិត្យនាពេលនេះ រដ្ឋបាលខេត្តកំពតនឹងដាក់ឱ្យអនុវត្តគម្រោងកែលម្អសោភ័ណភាពបន្ថែមទៀត គឺពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ) ឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយមានរាងរៅស្អាត ហើយឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ ពេលធ្វើរួចត្រូវបំពាក់ភ្លើង និងមានចងទង់ជាតិ ទង់ជ្វាលាផងដែរ។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា ឥឡូវសួនមាត់ព្រែកក្នុងក្រុងកំពតស្អាត ប៉ុន្តែនៅពេលដែលគម្រោងកែលម្អដែលបានរៀបរាប់ខាងលើធ្វើចប់ ក្រុងកំពតនឹងផ្លាស់ប្តូរមុខមាត់ថ្មី ស្អាតហើយទាក់ទាញបំផុត គឺពិតជាស័ក្តិសមជាក្រុងទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលរដ្ឋបានខេត្តនឹងធ្វើពិធីដង្ហែនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ក្រៅពីនោះ លោកអភិបាលខេត្តក៏បានលើកឡើងអំពីគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្តមាត់សមុទ្រ និងគម្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀតផងដែរ ដើម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍។

លោកអភិបាលខេត្តបានស្នើដល់ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត សូមចូលរួមសហការផ្តល់មតិយោបល់ និងឯកភាពសម្រេចលើគម្រោងនីមួយៗរបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងរក្សានិងបង្កើតផលប្រយោជន៍រួម៕