(ភ្នំពេញ)៖ ក្រោយពីមានការពិនិត្យភ្នែក លោកគ្រូ អ្នកគ្រូ នៅតាមសាលាចំនួន៥ ក្នុងរាជធានីភ្នំពេញរួចមក នៅព្រឹកថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៦ វិទ្យាស្ថានស្តារគំហើញ ប្រាយអ៊ិន ហូលឌិន បានរៀបចំពិធីផ្តល់វ៉ែនតា ជូនដល់អ្នកគ្រូ លោកគ្រូ និងសិស្សានុសិស្សនៅ សាលាបឋមសិក្សា វត្តសន្សំកុសល ក្រោមអធិបតីភាពលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាព្រមទាំង មានការចូលរួមពីលោកស្រី ឆាយ គឹម សុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពភ្នែក នៃក្រសួងសុខាភិបាល លោកបណ្ឌិត ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងតំណាងមន្ទីរអប់រំយុវជន រាជធានីភ្នំពេញ លោកគ្រូអ្នកគ្រូជាង៣០០នាក់។
លោកស្រី ទឹម លីណា នាយិកាសាលាបឋមសិក្សាវត្តសន្សំកុសល បានឡើងថ្លែងអំណរគុណដល់វិទ្យាស្ថាន ប្រាយអ៊ិន ហូលឌិន និងក្រសួងអប់រំ រួមជាមួយមន្ទីរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ផ្តល់វ៉ែនតាសម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលមានបញ្ហាភ្នែក។
លោក គង់ នាត នាយកប្រចាំប្រទេសកម្ពុជា នៃវិទ្យាស្ថានស្តារគំហើញ ប្រាយអ៊ិន ហូលឌិន បានថ្លៃងថា កន្លងមកខាងវិទ្យាស្ថាន បានពិនិត្យសុខភាពភ្នែករបស់សិស្ស លោកគ្រូ អ្នកគ្រូចំនួន៥សាលា ទី១វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ទី២វិទ្យាល័យចតុមុខ ទី៣ វិទ្យាល័យសែនសុខ ទី៤សាលាបឋមសិក្សាដង្កោ និងទី៥សាលាបឋមសិក្សា វត្តសន្សំកុសល ដោយពិនិត្យបានចំនួនជាង៥០០០នាក់ នឹងបានផ្តល់វ៉ែនតាជូនចំនួន ៨៥៨រួមទាំងថ្ងៃនេះ។
លោកបន្តថា ថ្មីៗនេះអង្គការសុខភាពពិភពលោក (WHO) បានធ្វើការប៉ាន់ប្រមាណថា អត្រាប្រវ៉ាឡង់អ្នកដែលមិនបានតម្រូវកំហុសកំណុំ (prevalence) of Uncorrected Refractive Error អ្នកដែលមានបញ្ហាភ្នែកម្ញ៉ូប ហើយមិនបានតម្រូវវ៉ែនតា) មានប្រមាណជា៦២៤.៨ លាននាក់នៅទូទាំងពិភពលោក ជាពិសេសកុមារដែលមានបញ្ហាភ្នែកម្ញ៉ូប ហើយមិនបានតម្រូវវ៉ែនតា មានអត្រាប្រមាណជា១២លាននាក់ (ស្មើនឹង៩.៧ភាគរយក្នុងចំណោមកុមារ១២៣នាក់)។
ក្នុងឱកាសនេះដែរ លោកស្រី គឹម សេដ្ឋានី បានប្រាប់ទៅប្អូនៗសិស្សានុសិស្ស ទាំងអស់ឲ្យខិតខំប្រឹងរៀនសូត្រ ជៀសឲ្យផុតពីអំពើ អប្បាយមុខ ដែលសង្គមស្អប់ខ្ពើម នឹងត្រូវថែរក្សាសុខភាពជាពិសេសសុខភាពភ្នែក ដោយសារភ្នែកមានសារសំខាន់ណាស់សម្រាប់ មនុស្សគ្រប់គ្នា ដូច្នេះពួកយើងជាកុមារស្ថិតក្នុងវ័យសិក្សាត្រូវការប្រើកែវភ្នែកដើម្បីសម្លឹកមើលមេរៀន។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុង អភិវឌ្ឍន៍ជឿនលឿនប្រើប្រាស់សុទ្ធតែប្រព័ន្ធ អេឡិចត្រូនិច ប្រព័ន្ធអីុធើណេត ដូចជាទូរស័ព្ទទំនើបៗ កុំព្យូទ័រ ជាដើម ទាំងនេះសុទ្ធតែ ជាបញ្ហាពេលដែលយើងទាំងអស់គ្នាប្រើប្រាស់វានោះ គឺវាអាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធ កែវភ្នែករបស់យើង ហេតុនេះយើង គ្រប់គ្នាត្រូវព្យាយាមធ្វើយ៉ាងណាកុំប្រើភ្នែកមើលគៀតនឹងរបស់ទាំងនោះ ព្រោះពន្លឺរបស់វាអាចធ្វើអោយភ្នែកយើងក្លាយជាម្ញ៉ូបឬមើលលែង ឃើញក៏ថាបាន។
ជាចុងក្រោយ លោកស្រីបានថ្លែងអំណរគុណ វិទ្យាស្ថានស្តារគំហើញ ប្រាយអ៊ិន ហូលឌិន នឹងនាយកដ្ឋានសុខភាពភ្នែកនៃក្រសួង សុខាភិបាល រួមជាមួយមន្ទីរពាក់ព័ន្ធដែលបានជួយពិនិត្យសុខភាពភ្នែកនឹងផ្តល់វ៉ែនតាដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនាពេល កន្លងមក នឹងបច្ចុប្បន្ននេះ ហើយលោកស្រីសង្ឃឹមថា វិទ្យាស្ថានប្រាយអ៊ិន ហូលឌិន នាយកដ្ឋានសុខភាពភ្នែកនៃក្រសួងសុខាភិបាល នឹងបន្តសកម្មភាពពិនិត្យភ្នែកនេះតទៅទៀត៕