(បាងកក)៖ មន្ត្រីជាន់ខ្ពស់ថៃមួយរូប បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ធនាគារកណ្តាលថៃ (BOT) បានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយអត្រាការប្រាក់ប្រសិនបើការប្រើប្រាស់ធ្លាក់ចុះខ្លាំង។ ការលើកឡើងនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីធនាគារកណ្តាល បានរក្សាគោលនយោបាយរូបិយវត្ថុនៅដដែល ក្នុងគ្រាដែលមានសម្ពាធពីរដ្ឋាភិបាលឱ្យបន្ធូរបន្ថយគោលនយោបាយនេះ។

លោក Sakkapop Panyanukul នាយកជាន់ខ្ពស់នៃធនាគារកណ្តាលថៃ ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈថ្លែងប្រាប់កម្មវិធីទូរទស្សន៍ក្នុងស្រុកមួយថា៖ «ប្រសិនបើយើងមើលឃើញថា តួលេខនិងការប្រើប្រាស់ឯកជនធ្លាក់ចុះខ្លាំង ហើយមានការផ្លាស់ប្តូរច្បាស់លាស់ នោះគឺជាកត្តាសំខាន់ក្នុងការពិចារណាលើអត្រាការប្រាក់»។

លោកបានបន្តថា ការកាត់បន្ថយអត្រាការប្រាក់នឹងមានផលប៉ះពាល់អវិជ្ជមានរយៈពេលវែង ហើយនឹងមានផលប្រយោជន៍តិចតួចប៉ុណ្ណោះចំពោះកូនបំណុល។ លោកបានថ្លែងថា៖ «ការកាត់បន្ថយអាត្រាការប្រាក់ណាមួយ នឹងមានកម្រិតតិច»។

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុនៃធនាគារកណ្តាលថៃ កាលពីថ្ងៃពុធបានបោះឆ្នោតរក្សាអត្រាគោលនៅកម្រិត ២,៥ភាគរយដដែល។

នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន បានជំរុញម្តងហើយម្តងទៀត ឱ្យធនាគារកណ្តាបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ដោយនិយាយថា អាជីវកម្មខ្នាតតូចនិងកូនបំណុលកំពុងរងគ្រោះដោយសារអត្រាការប្រាក់ដែលមានកម្រិតខ្ពស់ក្នុងរយៈពេលមួយទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕