(ស្ទឹងត្រែង)៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំពិធីជួបជុំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយមានសមាជិក-សមាជិកា ចូលរួមជាច្រើននាក់ មកពីតាមបណ្តាក្រុង/ស្រុក និងឃុំ/សង្កាត់នានាក្នុងខេត្តស្ទឹងត្រែង។

ពិធីជួបជុំបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ ធ្វើឡើងក្រោមអធិបតីភាពសន្តិបណ្ឌិត ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តស្ទឹងត្រែង និងលោក ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការ កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្ត និងលោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត, លោក ឈាង ឡាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយក្រុង/ស្រុក ឃុំ/សង្កាត់ និងសមាជិក សមាជិកា របស់គណៈកម្មាធិការគណបក្សខេត្តជាច្រើនរូប។
    
ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ លោក ស្វាយ សំអ៊ាង បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកអង្គបោះឆ្នោត ទាំង១៥៦នាក់។

លោកក៏បានរំលេចផងដែរថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ទៅមុខជាលំដាប់ និងមានសន្តិសុខសណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោកបានជំរុញដល់ សមាជិកក្រុមប្រឹក្សាសង្កាត់/ឃុំ  ដែលជាអង្គបោះឆ្នោតមានរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានសន្តិអារម្មណ៍ហ្នឹងនរ ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងបានប្តេជ្ញាចិត្តទៅបោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

លោក ស្វាយ សំអ៊ាង បានបន្ថែមថា តាមរយៈការរួមសាមគ្គីគ្នារបស់សមាជិក សមាជិការបស់គណៈកម្មាធិការគណបក្ស នឹងទទួលបានជ័យជំនៈយ៉ាងត្រចេះត្រចង់ តាមរយៈនៃការបោះឆ្នោតនេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលបានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រ មានស្នាដៃការងារយ៉ាងធំធេងជូនប្រជាជន និងប្រទេសជាតិទាំងមូល បានធ្វើឲ្យប្រជាជនស្រលាញ់ និងគាំទ្ររហូតមក។

មានប្រសាសន៍ចូលរួមក្នុងពិធី សន្តិបណ្ឌិត ឡូយ សុផាត បានថ្លែងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ដែលជាឱកាសឲ្យបេក្ខជនបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗ របស់បក្ស ឈានទៅទទួលជ័យជម្នះ នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។

រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១រួមមាន៖

ទី១៖ ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល
ទី២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
ទី៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន
ទី៤៖ ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ
ទី៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
ទី៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឲ្យមានសមាគមកសិករ នៅតាមទីជនបទ៕