(ស្វាយរៀង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកគណ:កម្មាធិការកណា្តលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នាតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ។

គណបក្សប្រជាជនកម្ពុជាដែលតាមការបញ្ជាក់របស់លោកស្រីបណ្ឌិតសភាចារ្យ ដកស្រង់សាររបស់សម្តេចតេជោ ហ៊ុន សែន, រយៈពេល ៤៥ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលនូវជំនឿទុកចិត្ត ការជឿជាក់ និងគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបំពេញបេសកកម្មបម្រើជាតិប្រកបដោយជោគជ័យ តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ។ បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់នៃសុខសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

លោកស្រីបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គបោះឆ្នោតនៃគណបក្សប្រជាជនកម្ពុជាថា ទោះក្នុងកាលៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជាដែលបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជននិងសម្រាប់ប្រជាជន នៅរួមរស់ជាមួយប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជនជានិច្ច។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរការប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា។ លោកស្រី បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជជនកម្ពុជាដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា។

អនុវត្តតាមស្មារតីនៃសេចក្តីសម្រេច ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ជាគោលការណ៍សំរាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ចំនួនសមាជិកព្រឹទ្ធសភា សរុប ៦២ រូប ដែលត្រូវបានចាត់តាំង និងជ្រើសតាំងមកគឺ ចាត់តាំងដោយព្រះមហាក្សត្រចំនួន ០២រូប ជ្រើសតាំង ដោយរាជរដ្ឋាភិបាលចំនួន០២រូប និងជ្រើសតាំងដោយការបោះឆ្នោតអសកលចំនួន ៥៨រូប ។

អ្នកបោះឆ្នោតនិងអង្គបោះឆ្នោត គឺតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ក្នុង តំណែងនៅក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗ ។ ការបោះឆ្នោតត្រូវប្រព្រឹត្តទៅ នៅតាមមណ្ឌលបោះឆ្នោតនៃភូមិភាគទាំង៨ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ដោយឡែកភូមិភាគ៦ រួមមាន ខេត្តស្វាយរៀង និងខេត្តព្រៃវែង មាន៧រូប ជាបេក្ខជនពេញសិទ្ធិ និង៧រូបជាបេក្ខជនត្រៀម ហើយខេត្តស្វាយរៀង មានបេក្ខជនឈរឈ្មោះពេញសិទ្ធិចំនួន០២រូប និងបេក្ខជនត្រៀមចំនួន០៣រូប។

បើតាមលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ជាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ របស់ក្រុមការងារគណបក្ស និងគណៈអចិន្ត្រៃយ៍គណបក្សខេត្ត សំរាប់មណ្ឌលភូមិភាគ៦ គឺការសម្រេចឲ្យបានអាសនៈ ៧ លើ ៧អាសនៈ។ ដូច្នេះការបោះឆ្នោត ជ្រើស តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលប្រព្រឹត្តទៅ នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រសំរាប់គណបក្សយើង ក្នុងការពង្រឹងតួនាទី ទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងមូលសម្រាប់រយៈពេលយូរអង្វែង ព្រោះថា ជោគជ័យនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រគណបក្សយើងបន្តរក្សាប្រៀបឈ្នះ និងដឹកនាំនៅស្ថាប័នកំពូលព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកស្រីបណ្ឌិតសភាចារ្យ បានស្នើដល់អង្គបោះឆ្នោតយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានជាប់ជាប្រចាំ និងគោរពឱ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិច្បាប់នានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាផងដែរ៕​