(ពោធិ៍សាត់)៖ លោក ស៊ុយ សែម ព្រឹទ្ធសមាជិកកិត្តិយស ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត, លោក កែវ​រតនៈ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត និងលោក ខូយ រីដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានអ្នកចូលរួមប្រមាណជិត៧០០នាក់។

បន្ទាប់ពីបានទស្សនា និងស្តាប់នូវសាររបស់សម្តេចប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សប្រជាជនកម្ពុជានោះរួចមក, លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយអនុវត្តទៅតាមសេចក្តីសម្រេច និងសេចក្តីណែនាំ របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្បុជា ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥នោះ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត និងគណបក្សខេត្ត បានអនុវត្តយ៉ាងម៉ឺងម៉ាត់ ទៅតាមគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ អង្គបោះឆ្នោតដែលបានចុះឈ្មោះ ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ និងអ្នកតំណាងរាស្ត្រ ចំនួន៣៤៥រូប ក្នុងនោះអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ចំនួន៣១១រូបតំណាងរាស្ត្រ៤រូប និងគណបក្សផ្សេងៗ៣០រូប។ ខេត្តពោធិ៍សាត់មានមណ្ឌលបោះឆ្នោត១កន្លែង ស្ថិតនៅសាលាបឋម សិក្សាពោធិ៍សាត់ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលមានការិយាល័យលេខ៧០០៥។ ជាមួយគ្នានោះ គណៈកម្មាធិការគណបក្សខេត្តបានត្រៀមលក្ខណៈ សម្រាប់សម្របសម្រួល ក្នុងដំណើរការ នៃការចែកប័ណ្ណព័ត៌មាន ដល់អង្គបោះឆ្នោត បើកយុទ្ធនាការឃោសនាបោះឆ្នោត ត្រៀមមធ្យោបាយ ធ្វើដំណើរការស្នាក់នៅ ការហូបចុកផងដែរ។
លោក ស៊ុយ សែម ​និងលោក កែវ រតនៈ មានប្រសាសន៍សំណាល ក្នុងឱកាសបើកយុទ្ធនាការឃោសនានោះថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ១រោជ ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ហើយនេះគឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ពិតណាស់រាជរដ្ឋាភិបាលបន្តវេន អាណត្តិទី៧ ដឹកដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រ បញ្ជកោណ ដំណាក់កាលទី១ ដែលមានបាវចនា ចំនួន៥គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាព ចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗ នៃការសម្រេចបាននូវចក្ខុវិស័យ សម្រាប់ឆ្នាំ២០៥០។

លោកបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រនិងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង៤៩ ជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន ដែលប្រសូត្រចេញពី ឆន្ទៈរបស់ប្រជាជន។ ក្នុងនាមប្រធានព្រឹទ្ធសមាជិកកិត្តិយស និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ សូមសម្តែងការគោរពដឹងគុណចំពោះអង្គបោះឆ្នោត ដែលតែងតែផ្តល់ការគាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ ក្នុងរយៈពេល៤៥ឆ្នាំ។

ជាមួយគ្នានោះ សូមសម្តែងគោរពដឹងគុណ និងសូមឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌ និងគោរពនូវលទ្ធផល នៃការបោះឆ្នោត ដើម្បីរក្សាបរិយាកាសនយោបាយប្រកបដោយលក្ខណៈសេរី យុត្តិធម៌ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាឱ្យកាន់តែរឹងមាំឡើង។ ក្នុងឱកាសលោកក៏សូមអំពាវនាវ ដល់លោក លោកស្រី ជាអ្នកតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំង៤៩ ទូទាំងខេត្តពោធិ៍សាត់ សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា៕