(កំពង់ស្ពឺ)៖ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលី៥ ឆ្នាំ ២០២៤ ក្រោមអធិបតីភាពលោក អ៊ុក កោសា អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត និងជាប្រធានក្រុមការងារស្រុកសាមគ្គីមុនីជ័យ ដោយមានការចូលរួមពីសំណាក់ក្រុមការងារចុះជួយស្រុកសាមគ្គីមុនីជ័យ គណៈកម្មាធិការឃុំ និងសមាជិកគណៈកម្មាធិការគណបក្សប្រជាជនសរុប៤១៥នាក់

នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

លោក អ៊ុក កោសា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សម្តេចប្រធានគណបក្សប្រជាជនបានវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងនៅទូទាំងខេត្តកំពង់ស្ពឺ ជាពិសេសស្រុកសាមគ្គីមុនីជ័យដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជនកន្លងមក។ 

លោក អ៊ុក កោសា បានបន្ថែមថា តាមរយៈលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមក ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមុន្នីជ័យ នៅតែត្រូវការតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជានិច្ច។

ទន្ទឹមនិងនេះ ទោះបីជាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកលក៏ពិតមែន ក៏ប៉ុន្តែគឺជាព្រឹត្តិការណ៍នយោបាយប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់នៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានកើតចេញពីឆន្ទៈរបស់ប្រជាជន។

លោក អ៊ុក កោសា បានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានគណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាអង្គបោះឆ្នោត សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឱ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់បក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ដ៏ល្អប្រសើរ៕