(ព្រះវិហារ)៖ លោក ទៀន សោភ័ណវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់អង្គបោះឆ្នោតទូទាំងស្រុកទាំងអស់ ត្រូវត្រៀមឯកសារពាក់ព័ន្ធ ពិសេសត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៤ ខាងមុខ។

ការអំពាវនាវរបស់លោក ទៀន សោភ័ណវង្ស បានធ្វើឡើងនៅក្នុងឱកាសដែលលោកដឹកនាំក្រុមការងារ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង និងលោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សស្រុករវៀង ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត ក៏ដូចជាសមាជិក សមាជិកា គណបក្សស្រុក ឃុំចំនួនជាង១០០នាក់ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ទៀន សោភ័ណ្វង្ស បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្បុជា ក៏ដូចលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សទូទាំងស្រុកដែលមានវត្តមាននៅទីនេះ។

លោក ទៀន សោភ័ណវង្ស បានប្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិក គណបក្សស្រុក គណបក្សឃុំថា នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩មក ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលមានអាណត្តិចំនួន៦ឆ្នាំ មានចំនួន៤លើករួចមកហើយ ហើយការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

លោកក៏បានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងស្រុករវៀង ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព និងរក្សាឱ្យបានល្អនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ដោយឡែកចំពោះក្រុមប្រឹក្សា ឃុំ ទូទាំងស្រុក ដែលជាអង្គបោះឆ្នោត ត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមបោះឆ្នោត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជាប់ជាប្រធានព្រឹទ្ធសភា៕