(កំពង់ឆ្នាំង)៖ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីបើកយុទ្ធនាការដង្ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្នុងក្រុងកំពង់ឆ្នាំង។

ពិធីនេះធ្វើឡើងក្រោមអធិបតីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងសមាជិកថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មកពីតាមបណ្ដាក្រុង ស្រុកទាំង៨ ចំនួន១៥,១២០នាក់។

យុទ្ធនាការនេះដោយប្រើប្រាស់មធ្យោបាយរថយន្តចំនួន ១២០៥គ្រឿង, ម៉ូតូធំ០៣គ្រឿង, ម៉ូតូ២០១៥គ្រឿង, ម៉ូតូកង់ ៩០គ្រឿង, ក្រុមសិល្បឆៃយ៉ាំ៩វង់ មេក្រូធុងបាស់ច ល័ត៥០គ្រឿង, តន្ត្រីសម័យ៤វង់, ក្រុមរបាំ១ក្រុមផងដែរចូលរួមសម្ដែងកំដរបរិយាកាសក្នុងអង្គពិធីខាងលើនេះផងដែរ។

ក្បួនដង្ហែរបស់គណបក្សក្រុង ស្រុកបានដង្ហែចូលមកកាន់វេទិកាប្រារព្ធពិធីនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ខណៈនោះអង្គពិធីក៏បានចាក់សំឡេងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកយុទ្ធនាការឃោស នាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ជូនអង្គពិធីស្ដាប់ និងស្វែងយល់។

នៅក្នុងសារលិខិតសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិករដ្ឋសភាទាំងអស់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងប្រទេសសូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនារបស់ជាតិ ប្រជាជន និងខ្លួនឯង។ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាពអនុវត្តនូវគោលយោបាយរបស់ខ្លួន សំដៅថែរ ក្សាយ៉ាងរឹងមាំនូវសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បន្តជំរុញការអភិវ ឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លា ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសំបូរសប្បាយរស់នៅយ៉ាងសុខដុមរមនាក្នុងសង្គមប្រកបដោយការ គោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។

បន្ទាប់មកក្បួនដង្ហែបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាក៏បានដំណើរ ការដង្ហែលើផ្លូវជាតិលេខ៥ ពីចំណុចភូមិទួលក្រឡាញ់មកកាន់វង្វង់មូលវិមានឯករាជ្យ និងបន្តហែវិលទៅកាន់មូលដ្ឋាន គណបក្សប្រជាជនក្រុង ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងវិញ ដោយសុវត្ថិភាព។

ក្បួនដង្ហែបានប្រព្រឹត្តទៅក្រោមបរិយាកាសអធិកអធ័មរីករាយខៀវខ្លា ប្រកបដោយទឹកមុខសប្បាយ រីករាយរំភើបយ៉ាងក្រៃលែងពីសំណាក់សមាជិក សមាជិកាគណបក្សទាំងអស់ជាង១ម៉ឺន ៥ពាន់នាក់ និងក៏មានការអបអរសាទរពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវមកឈរចាំស្វាគមន៍ក្បួន ដង្ហែយ៉ាងច្រើនកុះករផងដែរ៕