(បន្ទាយមានជ័យ​)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃ​ទី១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៤នេះ​ ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥​ ខេត្តបន្ទាយមានជ័យ។

នៅដេីមនៃការសំណេះសំណាល ក្នុងឱកាសនោះ​ លោក​ កែ​ គឹមយ៉ាន​ បានអាននូវសារលិខិតរបស់សម្តេចតេជោហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនូវការគោរព​ ដឹងគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរូបសម្តេចតេជោ នៅគ្រប់កាលៈទេសៈក្នុងរយៈពេល៤៥ឆ្នាំ​កន្លងមកធ្វើឲ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិជោគជ័យ តាំងពីការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ​ ដែលបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោម ម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។

លោក កែ​ គឹមយ៉ាន​ បានថ្លែងបន្តថា អង្គបោះឆ្នោតត្រូវពង្រឹងគោលជំហរស្មោះត្រង់ដាច់ខាត ជាមួយគណបក្សប្រជាជនកម្ពុជាត្រូវចាត់ទុកការបោះឆ្នោតជាកាតព្វកិច្ចម្នាក់ៗ ត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភាអាណត្តិទី៥ និងអាណត្តិបន្តៗទៀត​ និងរួមគ្នាប្រឆាំងដាច់ខាតរាល់ឧបាយកលនានារបស់ជនអគតិ និងដៃគូប្រកួតដោយត្រូវខិតខំធ្វើការទប់ស្កាត់វាយបកដើម្បីយកជ័យជំនះលើគូប្រកួត។

ជាមួយគ្នានេះ​ លោក​ កែ​ គឹមយ៉ាន​ បានណែនាំឲ្យអង្គបោះឆ្នោតថែរក្សា​សុខភាព ​និងត្រៀមឯកសារសម្រាប់ទៅបោះឆ្នោតគាំទ្រដណ្តេីមជ័យជំនះត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ​២០២៤​។

ជាថ្មីម្តងទៀត ក្នុងនាមគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម​ កែ​ គឹមយ៉ាន​ បានសន្យានិងប្តេជ្ញាចំពោះមុខជនរួមជាតិ​ សមាជិកគណបក្សនិងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យថា គណបក្សប្រជាជនកម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងនិតិប្រតិបត្តិ បន្តធានាបាននូវសន្តិភាព សន្តិសុខ ការអភិវឌ្ឍន៏ និងសូមអំពាវនាវដល់គណបក្សផ្សេងៗដែលមានសិទ្ធិបោះឆ្នោតសូមជួយគាំទ្របេក្ខជនពីគណបក្សប្រជាជនកម្ពុជា ដេីម្បីរួមគ្នាធ្វើឲ្យប្រជាជនគ្រប់រូបមានជីវភាពកាន់តែប្រសើរ និងរស់នៅសុខដុមរមនាក្នុងសង្គមគោរពតម្លៃមនុស្សប្រជាធិបតេយ្យ សេរីភាព យុត្តិធម៌​ និងសម្បូសប្បាយរុងរឿងថែមទៀត៕