(កំពង់ស្ពឺ)៖ ប្រជាកសិករទាំងអស់ក្នុងខេត្តកំពង់ស្ពឺ បាននាំគ្នាសម្រុកធ្វើស្រែប្រាំងលើសផែនការ គ្រាដែលអាជ្ញាធរ និងមន្ទីរជំនាញណែនាំពីការខ្វះទឹកសម្រាប់ស្រោចស្រព និងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ ខណៈប្រព័ន្ធស្តុកទឹកធំៗមួយចំនួនកំពុងស្តារ។

ភ្លាមៗលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរជំនាញចុះពិនិត្យស្ថានភាពបង្កបង្កើនផលរបស់ប្រជាកសិករនៅក្នុងស្រុកបសេដ្ឋ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានលើកឡើងថា ស្ថានភាពនៃការបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំនិទាន និងឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ មានការផុលផុសខ្លាំងដោយឆ្នាំនេះពួកគាត់សម្រុកធ្វើស្រែប្រាំង និងដំណាំរួមផ្សំលើសពីផែនការ ដែលមានរហូតដល់ទៅ២៤០% ហើយអ្វីដែលធ្វើឱ្យពួកគាត់មានកម្លាំងចិត្តជំរុញដល់ការខិតខំនេះគឺដោយសារតែឆ្នាំនេះការបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ និងស្រូវមានទីផ្សារល្អ តម្លៃថ្លៃ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្ត និងកោតសរសើរដល់ប្រជាកសិករទាំងអស់ ដែលបានខិតខំបង្កបង្កើនផលរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចគ្រួសារ ចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងការខិតខំនេះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ អាចនឹងជួបប្រទះនូវបញ្ហាប្រឈមខ្លះពីកង្វះទឹកសម្រាប់ស្រោចស្រពនាពេលខាងមុខ ជាមួយនេះសូមបងប្អូនត្រូវតែចេះសន្សំសំចៃទឹកឱ្យបានខ្ពស់បំផុតដើម្បីបញ្ជៀសនូវហានិភ័យនេះ។

លោក យឹម ណន ប្រធានមន្ទីរស្តីរកសិកម្ម ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្រូវរដូវប្រាំងតាមផែនការប្រចាំឆ្នាំ២០២៤ ចំនួន ៤៥៥ហិកតា ក្នុងនោះអនុវត្តសម្រេចបានចំនួន ១,១៩៤ហិកតា ស្មើនឹង ២៦២,៤២% នៃផែនការភាគច្រើនស្ថិតក្នុងវគ្គបង្កបង្កើនផល។ ក្នុងនោះស្រុកបសេដ្ឋ អនវុត្តបាន ៦៨១ហិកតា ស្មើនឹង ២៤៣,២១% នៃផែនការ ស្រុកគងពិសី ១១៧ហិកតា ស្មើនឹង១៥៦% ស្រុកឱរ៉ាល់ ១១៥ហិកតា ក្រុងឧដុង្គម៉ែជ័យចំនួន ១២ហិកតា ស្រុកភ្នំស្រួច ១៨៨ហិកតា ស្មើនឹង ១៨៨% ស្រុកសំរោងទង ៦០ហិកតា និងស្រុកថ្ពង ២១ហិកតា។ ដំណាំសាកវប្បកម្ម អនុវត្តបានសរុបចំនួន ១៣៤ហិកតា ក្នុងនោះមាន ដំណាំយកផ្លែ ១៧១ហិកតា និងបន្លែស្លឹកចំនួន ១៤៣ហិកតា។ ក្រៅពីនេះ មានដំណាំឧស្សាហកម្មរយៈពេលខ្លីចំនួន ៤៦ហិកតា។ 

ពាក់ព័ន្ធនឹងសន្ទុះនៃការបង្កបង្កើនផលលើសផែនការលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបង្ហាញពីក្តីបារម្ភដែលបងប្អូនប្រជាកសិករអាចនឹងជួបប្រទះក្នុងកំឡុងពេលប៉ុន្មានខែខាងមុខ ដោយក្នុងនោះលោកលើកឡើងថា នៅតាមអាងទឹកមួយចំនួននៅមានទឹកស្តុកពី៥០% ទៅ៦០% ដូច្នេះសម្រាប់ពីរទីបីខែខាងមុខធានាថានឹងមិនមានបញ្ហាដែលផ្តើមឡើងពីការខ្វះទឹកនោះឡើយ តែបងប្អូននឹងអាចជួបប្រទះបញ្ហាកង្វះទឹកក្នុងកំឡុងខែ៧ទៅខែ៨ដែលស្ថិតក្នុងកូនរដូវប្រាំង និងរដូវវស្សា។

លោកប្រធានមន្ទីរ បានបន្តថា ទឹកនៅតែអាចធានាដល់ការស្រោចស្រព និងប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្តនៃស្ទឹងព្រែកត្នោត លើកលែងតែតំបន់មួយចំនួនរួមមានប្រឡាយមេខាងត្បូង ប្រឡាយមេខាងជើងនិងស្ទឹងតូច មិនអាចផ្គត់ផ្គង់ទឹកបានទេ ខណៈដែលមន្ទីរជំនាញនិងមន្ត្រីបច្ចេកទេសកំពុងអនុវត្តគម្រោងថ្នាក់ជាតិ ប៉ុន្តែបងប្អូនអាចភ្ជាប់ទឹកពីស្ទឹងព្រែកត្នោត យកមកប្រើប្រាស់បានព្រោះមន្ទីរជំនាញធានាដល់និរន្តភាពទឹកក្នុងស្ទឹងសម្រាប់បងប្អូនប្រើប្រាស់ហើយក្នុងករណីមានការប្រែប្រួលបន្ទាន់ណាមួយមន្ទីរ និងជូនដំណឹងជាក្រោយ៕