(ភ្នំពេញ)៖ គណបក្សប្រឆាំងនៅកម្ពុជា បានលើកយកហេតុផលមួយចំនួនចោទប្រកាន់មកលើគណបក្សកាន់អំណាចថា បាននិងកំពុងអនុវត្ត លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ បោកប្រាស់ប្រជាពលរដ្ឋ និងសហគម៍អន្តរជាតិ។ លើសពីនេះក្រុមមនុស្សមួយចំនួនដដែលនោះ នៅតែបន្តនិយាយដដែលៗ ប្រាប់ទៅប្រជាពលរដ្ឋ ជាពិសេសសហគម៍អន្តរជាតិថា នាយករដ្ឋមន្ត្រី កម្ពុជា ប្រកាន់លទ្ធិកុម្មុយនីសផ្តាច់ការ បំបិទសិទ្ធិប្រជាពលរដ្ឋ និងអ្នកនយោបាយជាដើម។ ប្រជាពលរដ្ឋដែលធ្លាប់បានស្តាប់ពាក្យចោទប្រកាន់អស់ទាំងនោះ ពីសំណាក់បក្សប្រឆាំងរាប់ឆ្នាំឡើងស្រកៀត្រចៀករួចទៅហើយនោះ កំពុងតែមានចម្ងល់ថា តើប្រជាធិបតេយ្យដែលគណបក្សប្រឆាំងចង់បាននោះ គឺអ្វីឱ្យពិតប្រាកដ?
ប្រជាពលរដ្ឋមានចម្ងល់បែបនេះព្រោះថា កម្ពុជាមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដោយផ្ទាល់ពីប្រជាពលរដ្ឋ ដែលមានការកំណត់អណត្តិយ៉ាងទៀងទាត់។ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មិនខុសពីប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យផ្សេងៗឡើយ ជាពិសេសសិទ្ធិសេរីភាពសារព័ត៌មាន ប្រឆាំងរដ្ឋាភិបាល មិនមានការរិតត្បិត។ កម្ពុជាអនុវត្តគោលការណ៏ទីផ្សារសេរី ហើយកម្ពុជាមានគណបក្សនយោបាយច្រើនជាង៤០ គណបក្ស ទាំងដែលគណបក្ស នយោបាយទាំងនោះទៀតសោតមានសិទ្ធិផ្សព្វផ្សាយ ឃោសនាស្វែងរកសន្លឹកឆ្នោតដោយសេរី លើសពីនេះគេថែមទាំងបានលឺមេបក្សប្រឆាំងមួយចំនួន ស្រែកជេរគណបក្សកាន់អំណាច ដោយមិនមានការកោតក្រែងសោះឡើយ។ សិទ្ធិសេរីភាពដែលបានលើកឡើងខាងលើនេះហើយ គឺជាមូលដ្ឋានគ្រឹះ នៃលទ្ធិប្រជាធិបតេយ្យ វាក៏ជាអ្វីដែលប្រទេសកម្ពុជា បាននិងកំពុងអនុវត្ត ក៏ដូចជាធ្វើកំណែទម្រង់រៀងរាល់ថ្ងៃ។
ដូចពាក្យមួយឃ្លាបានលើកឡើងថា មួកមួយមិនអាចតម្រូវមនុស្សគ្រប់គ្នាបាននោះទេ ព្រោះក្បាលមនុស្សមិនមែនមានទំហំប៉ុនៗគ្នានោះឡើយមានន័យថា កម្ពុជាមិនអាចយកប្រជាធិបតេយ្យបែបសហរដ្ឋអាមេរិក ដែលបានកសាងមករាប់រយឆ្នាំ មកអនុវត្តទាំងងងឹតងងល់ដូចមេបក្សប្រឆាំង តែងតែលើកឡើងនោះឡើយ ព្រោះប្រជាធិបតេយ្យយកមកប្រើខុសតថៈភាពសង្គមកម្ពុជាគឺ នឹងក្លាយទៅជាអនាធិបតេយ្យ បើប្រជាជនក្នុងប្រទេសភាគច្រើន ដែលមិនយល់ច្បាស់ពី និយមន័យពិតប្រាកដរបស់ពាក្យថា ប្រជាធិបតេយ្យ មិនយល់ពីចំណុចវិជ្ជមាន និងអវិជ្ជនៃលទ្ធិប្រជាធិបតេយ្យ រហូតបង្ករទង្វើអនាធិបតេយ្យ ដោយជ្រកក្រោមស្លាកប្រជាធិបតេយ្យទាំងងងើលក៏មាន។ បើប្រៀបធៀបជាមួយកម្ពុជាដែលស្ថានភាពប្រទេស ទើបតែងើបពីសង្គ្រាម មិនមានអ្នកចេះដឹងគ្រប់គ្រាន់ ព្រោះរបប ប៉ុល ពត បានសម្លាប់បញ្ញវន្តអស់ជាច្រើន ធ្វើឱ្យកម្ពុជានៅសេសសល់ធនធានមនុស្សមួយចំនួនដែលរួចជីវិតភាគច្រើន គឺស្ត្រី កុមារ និងជនពិការប៉ុណ្ណោះ។
ជាកាពិតដូចអ្វីដែលមេបក្សប្រឆាំងតែងតែបានលើកឡើងថា កម្ពុជារួចផុតពីសង្គ្រាម គិតមកដល់ពេលនេះ គឺមានរយៈពេលជាងពីរទស្សវត្សរួចទៅហើយពិតមែន ប៉ុន្តែបើយើងពិចារណាពីការដាំធនធានមនុស្សវិញ គេមិនអាចប្រើរយៈពេលត្រឹមតែ២០ ឬ៣០ឆ្នាំអាច កសាងអ្នកចេះដឹងបានច្រើនសម្រាប់ជ្រោងប្រទេសជាតិបាននោះទេ ព្រោះថាបើរាប់ចាប់ពីពេល ដែលចាប់កំណើតរហូតទទួលបានសញ្ញាប័ត្របណ្ឌិត គឺត្រូវចាយពេលវេលាមិនក្រោម៣០ឆ្នាំនោះឡើយ។ ផ្អែកលើអំណះអំណាងខាងលើគេអាចសន្និដ្ខានបានថា ការចោទប្រកាន់មកលើបក្សកាន់អំណាចថា បានអនុវត្តប្រជាធិបតេយ្យក្លែងក្លាយ ហើយសន្យាថាខ្លួននឹងនាំប្រជាធិបតេយ្យពិតប្រាកដមកឱ្យប្រជាជនខ្មែរគឺគ្រាន់តែជាលេសបាំងមុខតែប៉ុណ្ណោះ។ គោលបំណងពិតរបស់មេបក្សប្រឆាំងអស់ទាំងនោះ គឺដណ្តើមអំណាច ពួកគេអាចធ្វើបានគ្រប់បែបយ៉ាង បើទោះបីជាត្រូវរុញអ្នកគាំទ្របក្សរបស់ខ្លួនទៅស្លាប់ក៏ដោយ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានដឹងថាបក្សប្រឆាំងបានសហការជាមួយប្រទេសមហាអំណាចមួយ ក្នុងគោលបំណងដណ្តើមអំណាចគ្រប់គ្រង ប្រទេសឱ្យបាន។ អ្វីទាំងនេះត្រូវបានសារភាពចេញពីមាត់ផ្ទាល់របស់មេបក្សប្រឆាំងម្នាក់នៅប្រទេសអូស្ត្រាលី។ យ៉ាងណាមិញប្រទេសមហាអំណាចមួយនោះ ត្រូវបានពិភពលោកស្គាល់ថា ជាមេក្លោងធំជាងគេក្នុងការបង្កចលនាបដិវត្តន៍តាមរយៈ ការបញ្ឆេះកំហឹងប្រជាជនឱ្យ ងើបឡើងមកបះបោរ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលគេឱ្យឈ្មោះថាបដិវត្តពណ៌ (Color Revolution)។
គេអាចវិភាគបានថា មូលហេតុដែលគណបក្សប្រឆាំងហ៊ានដើរមួយជំហ៊ាននេះ ទី១ ដោយសារប្រវត្តិចាញ់របស់បក្សប្រឆាំងជាង២០ឆ្នាំកន្លងមកនេះបានក្លាយទៅជា មេរៀនដ៏ជូរចត់ ធ្វើឱ្យខ្លួនឯងបាក់ស្បាតមិនទុកចិត្តលើសមត្ថភាពខ្លួន ហើយអាយុក៏កាន់តែចាស់ៗជិតស្លាប់ ដូចនេះទោះបីជាលះបង់អ្វី អ្នកណាស្លាប់ ឬរុញឱ្យអ្នកណាជាប់គុក ! ប្រទេសជាតិ និងប្រជាពលរដ្ឋរងទុក្ខក្នុងសភាពបែបណាក៏ដោយ គឺត្រូវតែប្រថុយមួយចាន មុនពេលអស់ខ្យល់ទាំងស្រុងធ្វើ នយោបាយលែងកើត។ ទី២ ព្រោះតែបក្សប្រឆាំងបានឃើញបទពិសោធន៍ នៃបដិវត្តពណ៌ (Color Revolution) នៅបណ្តាប្រទេសមួយចំនួន ដែលប្រើអំណាចប្រជាជន (People Power) ទទួលបានជោគជ័យតាមបំណងរបស់ពួកគេទោះបីក្នុងរយៈពេលខ្លីកដោយ ដូចជាប្រទេសស៊ីរី លីបី អ៊ុយក្រែន និងប្រទេសមួយចំនួនទៀតនៅមជ្ឈឹមបូព៌ាជាដើម។ អ្វីដែលត្រូវចោទសួរនោះនៅត្រង់ថា តើបន្ទាប់ពីមានការផ្លាស់ប្តូរដោយ ប្រើយុទ្ធសាស្រ្តបដិវត្តន៍ពណ៌ ក្រោមការជ្រោមជ្រែងដោយប្រទេសមហាអំណាចនោះ ទទួលបានលទ្ធផលបែបណា? តើប្រជាជនរស់នៅក្នុងប្រទេសទាំងនោះវិវត្តទៅរកភាពកាន់តែប្រសើ ឬក៏កំពុងរងទុក្ខវេទនា?
តាមរយៈបណ្តាញសារពត៌មានអន្តរជាតិ ដែលបានផ្សាយក្នុងពេលកន្លងមក ប្រជាពលរដ្ឋទូទាំងពិភពលោក កំពុងចាប់អារម្មណ៏ខ្លាំងទៅលើសោកនាដកម្ម គួរឱ្យរន្ធត់ជាច្រើន ដែលបណ្តាលមកពីសង្គ្រាមរាំរៃនៅបណ្តាប្រទេសមួយចំនួន ជាពិសេសនៅតំបន់មជ្ឈឹមបូព៌ា ដោយគេរាល់គ្នាបានដឹងថា ដើមហេតុនៃសង្គ្រាមទាំងនោះបង្ករឡើងដោយ មនុស្សជ្រុលនិយមមួយក្រុម ក្រោមមហិច្ឆតាដណ្តើមអំណាច បានសហការជាមួយប្រទេសមហាអំណាច ដែលមានឈ្មោះថា បិតាប្រជាធិបតេយ្យ បញ្ឆេះឱ្យប្រជាពលរដ្ឋក្នុងប្រទេសទាំងនោះមានកំហឹង គុំគួន និងស្អប់រដ្ឋាភិបាល និងមេដឹកនាំរបស់ខ្លួនដែលឈានដល់ការបង្កើតចលនាបះបោរ ទាមទារផ្តួលរំលំរដ្ឋាភិបាលក្រោមហេតុផលស្វែងរកប្រជាធិបតេយ្យពិតប្រាកដ។ ទង្វើអស់ទាំងនោះ គឺដូចបេះបិទទៅនឹងការសន្យារបស់មេបក្សប្រឆាំងនៅកម្ពុជា ដែលធ្លាប់បានធ្វើកន្លងមក តែមិនបានសម្រេច។ នៅទីនេះគេប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាប្រទេស មហាអំណាចមួយនោះ យល់ព្រមជ្រោមជ្រែង ឧបត្ថម្ភទាំងសម្ភារៈ បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីបង្ករឱ្យមានចលនាបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក្នុងប្រទេសទាំងនោះ? ចម្លើយនៅទីនេះ គេអាចបកស្រាយដោយខ្លីថា នៅក្នុងពិភពលោក មិនថាប្រទេសណាទេ ដែលមិនស្រប ឬមិនគាំទ្រគោលនយោបាយប្រទេសមហាអំណាច នយោបាយការបរទេសជាយុទ្ធសាស្រ្តរបស់ខ្លួន គឺប្រទេសទាំងនោះគេចមិនផុតពីការសាបព្រួស មនោគមវិជ្ជាបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាលដែលប្រឆាំងខ្លួនចោល ហើយបន្តុបមនុស្សមួយក្រុមដែលគាំទ្រគោលនយោបាយខ្លួនជំនួសវិញ។
បដិវត្តពណ៌ត្រូវបានគេចងក្រងជាយុទ្ធសាស្រ្ត និងយុទ្ធវិធីដដែលៗដើម្បីយកទៅផ្តួលរំលំប្រទេសគោលដៅទាំងឡាយ ដែលចាប់ផ្តើមពីការបញ្ជូនភ្នាក់ងារបស់ខ្លួន ទៅដល់បណ្តាប្រទេសគោលដៅក្រោមរូបភាពជា និស្សិត ភ្ញៀវទេសចរណ៍ កម្មករជំនាញ អ្នកជំនួញ អ្នកកាសែត អ្នកការទូត អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ។ បន្ទាប់មកចាប់ផ្តើមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបិទបាំងចេតនាទុច្ចរិត និងអូសទាញអ្នកគាំទ្រ តាមរយៈអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក។ ក្រោយមកចាប់ផ្តើម អូសទាញជនជ្រុលនិយមក្នុងស្រុកដែលកំពុងមានសកម្មភាពប្រឆាំងរដ្ឋាភិបាលស្រាប់ ហើយទិសដៅគឺបញ្ញវន្ត អ្នកនយោបាយជ្រុលនិយម អ្នកកាសែត សហជីព និងប្រសិនបើអាចធ្វើទៅបានគឺក្រុមទាហាន ប៉ូលីសដោយពួកគេនឹងអូសទាញដោយទឹកប្រាក់ ឬចាប់យកចំណុចខ្សោយរបស់ជនទាំងនោះដើម្បីគម្រាម។ ក្រោយពេលប្រមូលកម្លាំងបានសមគួរហើយ គេចាប់ផ្តើមជ្រើសយកប្រធានបទបដិវត្តន៍ ឧទាហរណ៍ដូចជា "បដិវត្តនិទាឃរដូវទីក្រុងប្រាក (ប្រទសឆេកូស្លូវ៉ាគីឆ្នាំ 1968) បដិវត្តន៍Velvet" (អឺរ៉ុបខាងកើតឆ្នាំ 1989) បដិវត្តព្រះសង្ឃ "(រមៀត)ប្រទសមីយ៉ានម៉ា ២០០៧ ជាដើម តែដោយឡែកម្ពុជា ចលនាបះបោរនេះចាប់ផ្តើម ពីបដិវត្តន៍ផ្កាឈូក តែដោយពុំទទួលបានជោគជ័យ ថ្មីៗនេះគេបានប្តូរមកជាបដិវត្តពណ៌ខ្មៅ តាមរយៈចលនាបះបោរទាមទារឱ្យដោះលែងអ្នកទោស ហើយគេបាន ហៅបន្លំថា ចលនាថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday)។ អ្វីដែលគេកត់សម្គាល់នោះ គឺផ្ទាំងបដាដែលក្រុមបដិវត្តទាំងនោះប្រើប្រាស់ តែងសសេរជាភាសាអង់គ្លេស ក្រោមប្រធានបទ ដដែលៗដូចជា រដ្ឋាភិបាលពុករលួយ ប្រើអំណាចផ្តាច់ការ មានការបន្លំសន្លឹកឆ្នោតជាដើម ដើម្បីងាយផ្សាយទៅសហគម៍អន្តរជាតិបានដឹង។
ហើយបើក្នុងខណៈពេលស្ថានការណ៍នយោបាយក្នុងប្រទេសនោះ មានលក្ខណៈស្ងប់ស្ងាត់ គេនឹងបង្កើតព្រឹត្តិការណ៍ថ្មីមួយផ្សេងទៀត ឧទាហរណ៏ រៀបចំអំពើឃាតកម្ម ទៅលើអ្នកដែលតែងតែរិៈគន់មកលើរដ្ឋាភិបាល រួចគេនឹងរៀបចំព្រឹត្តិការណ៏បន្តបន្ទាប់ផ្សេងៗទៀតទម្លាក់កំហុសមកលើរដ្ឋាភិបាល តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងក្នុងស្រុកដែលជាភ្នាក់ងាររបស់ពួកគេក្នុងគោលបំណងបង្ហាញទៅសាធារណៈជនជាតិ និងអន្តរជាតិឱ្យកាន់តែភ័ន្តច្រឡំ ហើយស្អប់រដ្ឋាភិបាលកាន់តែខ្លាំង។ ហើយរដ្ឋាភិបាលដែលជាគោលដៅរបស់ពួកគេនោះនឹងកើតមានអស្ថេរភាព បាត់បង់ការគាំទ្រ។
បន្ថែមពីលើនេះគ្រប់ចលនាតវ៉ាផ្សេងៗ ពួកគេនឹងបង្កប់ភ្នាក់ងារដែលជំនាញបង្កអំពើហិង្សាដើម្បីបង្ខំឱ្យប៉ូលីសចូលទៅបង្ក្រាបអំពើហិង្សាដែលជាហេតុផលបញ្ជាក់ថា រដ្ឋាភិបាលនោះមិនគោរពសិទ្ធិប្រជាពលរដ្ឋ ហើយគេនឹងបញ្ជូនមនុស្សដែលប្រឆាំងរដ្ឋាភិបាលមួយក្រុមទៅកាន់បរទេសដើម្បីស្នើសុំអន្តរាគមន៍ ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការកាត់ជំនួយ បើនៅតែមិនបានសម្រេច គេនឹងឈានដល់ការស្នើសុំអន្តរាគមន៍យោធា។
សរុបសេចក្តីមក ប្រជាធិបតេយ្យដែលបក្សប្រឆាំងតែងតែស្រែកថា នឹងនាំមកជូនប្រជាពលរដ្ឋខ្មែរ ក្រោយពេលដែលគណបក្សខ្លួនជាប់ឆ្នោតនោះគឺគ្រាន់តែជាលេស និងជាការបោកប្រាស់ ដើម្បីបញ្ឆោតរកការគាំទ្រពីប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយគោលដៅធំបំផុតរបស់បក្សប្រឆាំងគឺផ្តួលរំលំរដ្ឋាភិបាលតាមរយៈការប្រមូលកម្លាំង និងដុតកំហឹងមហាជនឱ្យបានសម្រេចទោះបីត្រូវប្រើប្រាស់នូវឧប្បាយកលពិសពុល និងថោកទាបយ៉ាងណាក៏ដោយ ហើយបក្សប្រឆាំងក៏មិនខ្វល់អំពីបច្ច័យ និងវិនាសកម្មដែលប៉ះពាល់ដល់ប្រទេសជាតិ និងជីវិតប្រជាជនយ៉ាងណាក៏ដោយ។
ដោយ៖ បណ្ឌិត ជុន ចាន់សំណាង