(ព្រះវិហារ)៖ រថយន្តគិលានសង្រ្គោះ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកទៅប្រគល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ គីម ប៊ុនថាន ប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានបញ្ជាក់អំពីសកម្មភាពតាមព្រំដែន ដោយសង្ខេបជូនគណៈប្រតិភូ ព្រមទាំងបានប្ដេជ្ញាប្រកាន់ខ្ជាប់ តួនាទីភារកិច្ចជាកងយោធពលខេមរភូមិន្ទ ដោយស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ការពាររាជរដ្ឋាភិបាល និងប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយក្នុងក្របខណ្ឌនៃ «យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោកមេបញ្ជាការ បានគូសបញ្ជាក់ថា រថយន្តគិលានសង្គ្រោះ១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានឧបត្ថម្ភដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីបម្រើឱ្យការងារផ្នែកសុខាភិបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការចល័តអន្តរាគមន៍សង្គ្រោះបន្ទាន់ដល់កងទ័ព គ្រួសារទ័ព អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលា។

នៅក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចជាក្រុមគ្រួសារ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ក៏ដូចជានៅតាមវរសេនាតូចចំណុះផងដែរ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរក្សាការពារសុខសន្តិភាព និងការកសាងសមត្ថភាព ចូលរួមអភិវឌ្ឍន៍ទាំងក្នុងអង្គភាព និងនៅក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវបានយ៉ាងល្អប្រសើរ។

នាយឧត្តមសេនីយ៍ក៏បានធ្វើការរំលឹកឡើងវិញ ដល់អង្គភាព ក៏ដូចជាវរសេនាតូចចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុក្ខដាក់ថែទាំ អាវុធយុទ្ធភ័ណ្ឌ លេណដ្ឋាន និងគ្រឿងបំពាក់ទាំងអស់ឱ្យបានខ្ពស់ជៀសវាងបាត់បង់ និងរងការខូចខាតដោយប្រការណាមួយ៕