(ភ្នំពេញ)៖ ក្រោយបញ្ចប់ការជួបជុំទ្រង់ទ្រាយធំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៤នេះ លោក សូ ម៉ារ៉ា ប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ, លោក សុខ ពេញវុធ អនុប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ, លោក ជា ខេមា ប្រធានគណបក្សខណ្ឌដូនពេញ, លោក ហែម អាន អនុប្រធានអចិន្ត្រៃយ៍ និងលោក ចាប ឌីណា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ បានបន្ដដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងឈរឈោ្មះជាប្រធានព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់ នៃអំណាចនីតិប្បញ្ញត្តិ។

ទាំងលោក សូម ម៉ារ៉ា និងលោក ជា ខេមា បានយកឱកាសនោះ ផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតផងដែរ។

ជាមួយគ្នានោះ លោកបានអំពាវនាវដល់អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណារក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសម្រាប់អង្គបោះឆ្នោត ក្នុងគោលដៅបង្កើតបានបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌។

សូមជម្រាបថា យុទ្ធនាការឃោសនានេះមានរយៈពេល ១៤ថ្ងៃ គឺពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាឱកាសឲ្យបេក្ខជនព្រឹទ្ធសភារបស់គណបក្ស បានជួបផ្ទាល់ជាមួយអង្គបោះឆ្នោត ដើម្បីផ្សព្វផ្សាយ អំពីគោលការណ៍ចម្បងសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភាឲ្យបានទូលំទូលាយ ស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោត ដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណ្ដើមប្រៀបឈ្នះឱ្យបានដាច់ខាត ក្នុងការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ២០២៤ ខាងមុខនេះ៕