(កំពងស្ពឺ)៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

អញ្ជើញចូលរួមនាឱកាសនោះរួមមាន សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងរដ្ឋសភា ក្រុមការងារចុះជួយក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងសមាជិកឃុំក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ សរុបប្រមាណ៥០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ឆាយ ថន បានផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្តេចអនុប្រធានបក្សទាំង៥។ ទន្ទឹមនឹងនេះ លោកបានលើកឡើងនូវសាររបស់សម្តេចប្រធានបក្ស និងសម្តេចអនុប្រធានបក្សមកជាមួយផងដែរ ក្នុងនោះឯកឧត្តមបានថ្លែងអំណរគុណចំពោះ អ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សា ឃុំ-សង្កាត់ សមាជិក សមាជិកា គណបក្ស ដែលបានខិតខំប្រឹងប្រែងពុះពារ រហូតទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជន ដែលឈានដល់ការបង្កើតរាជរដ្ឋាភិបាលអាណាត្តិទៅ៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកបានគូសបញ្ជាក់ថា បើទោះបី បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន។

ជាមួយគ្នានេះ លោកបានធ្វើការគូសបញ្ជាក់នូវសាររបស់សម្តេចប្រធានបក្ស ដែលបានរំឭកដល់អង្គបោះឆ្នោតទាំងអស់ ឲ្យគោរពអនុវត្តយ៉ាងម៉ឹងម៉ាត់ ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។

ជាចុងក្រោយ លោកបានជូនពរ និងសូមឲ្យគណបក្សប្រជាជនទទួលបានជោគជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ បន្ថែមពីនោះ បានលើកទឹកចិត្តឲ្យអង្គបោះឆ្នោតទាំងអស់ថែរក្សាសុខភាព និងពិនិត្យឯកសាររួចរាល់ដើម្បីត្រៀមទៅបោះឆ្នោត៕