(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង នៃអគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស និង ជានាយក នៃនាយក ដ្ឋានអភិវឌ្ឍន៍ក្រសួងការពារជាតិ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងខ្លាំង ដើម្បីសេចក្តីសុខ និងភាពរីកចម្រើនរបស់កម្ពុជា ដែលជាប្រទេសបានរងខ្ទេចខ្ទាំង ដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកផ្កាយ៣ អ៊ុក កោសា អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាព្រះវិហារ នៅវត្តព្រៃជ្រុំ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។ ព្រះវិហារ ដែលបានបញ្ចុះបឋមសិលានោះសង់លើផ្ទៃដី មានបណ្តោយ២៥ម៉ែត្រ និងទទឹង ១២.៧០ម៉ែត្រ មានសសរ ៦៤ដើម ជម្រៅគ្រឹះ ៣ម៉ែត្រ មានកម្ពស់ស្លាបជញ្ជាំង ៨.៥០ម៉ែត្រ កម្ពស់ព្រះវិហារ ពីបានតក្រោមដល់លើ ៣២ម៉ែត្រ ដែលបានផ្តួចផ្តើមកសាងឡើង ដោយពុទ្ធបរិស័ទជិតឆ្ងាយ រួមនិងសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ជាច្រើនរូប ចូលរួមចំណែកក្នុងការកសាង ដើម្បីបានជាប្រយោជន៍ បម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដល់កូនចៅគ្រប់ជំនាន់ ដែលចំណាយថវិកាសាងសង់ជាង ២៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកបណ្ឌិត អ៊ុក កោសា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំបង្កើនបរិយាកាសអនុគ្រោះ ដើម្បីជំរុញការលូតលាស់ ក្នុងវិស័យសេដ្ឋកិច្ច ដោយដើរទន្ទឹមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត ផ្លូវ ថ្នល់ ស្ពាន ស្ពានអាកាស អាកាសយានដ្ឋាន កំពុងផែ ប្រភពអគ្គីសនី និងវិស័យឧស្សាហកម្មកាត់ដេរជាដើម»។
នៅចំពោះមុខប្រជាពុទ្ធបរិស័ទ លោក អ៊ុក កោសា បានបន្ថថា «ដើម្បីទ្រទ្រង់ការវិនិយោគ កំណើនសេដ្ឋកិច្ចជាតិ ឈានទៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋជាលំដាប់នេះ គឺជាលទ្ធផលផ្លែផ្កា កើតចេញពីកក្តាសន្តិភាព ដែលនាំឲ្យមានការអភិវឌ្ឍគ្រប់វិស័យ។ ពិសេសសម្រាប់ស្រុកឧដុង្គទាំងមូល គ្រាន់តែវិស័យកាត់ដេរបានជំរុញឲ្យបងប្អូនកម្មករនារី មានចំនួន ២៦០០០នាក់ ដែលអាចរកចំណូលប្រចាំខែជាង ៣លានដុល្លារ»។
ក្រៅពីការលើកបង្ហាញនូវសមិទ្ធផល របស់រាជរដ្ឋាភិបាលហើយនោះ លោក អ៊ុក កោសា ក៏បានជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ និង បោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨៕