(តូក្យូ)៖ ប្រជុំកោះនៅសមុទ្រចិនខាងកើត ដែលជប៉ុនហៅថា ស៊ិនកាគុ និង ចិនហៅ តាវយុ នោះគឺជាដែន ដីប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន មិនមែនជារបស់ប្រទេសចិន ដូចការទាមទាររបស់ទីក្រុង ប៉េកាំងនោះទេ។ នេះបើតាមការចេញផ្សាយរបស់ Channel News Asia ដោយដកស្រង់សម្តីរបស់លោក Yoshihide Suga ប្រធានលេខាធិការដ្ឋាន នៃគណរដ្ឋមន្ត្រីជប៉ុន និងជាអ្នកនាំពាក្យជាន់ខ្ពស់ រដ្ឋាភិបាល នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦។
លោក Suga បានថ្លែងដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងតូក្យូ ហើយលោកក៏បាន បញ្ជាក់ថែមទៀតថា «ប្រទេសជប៉ុន សង្ឃឹមថានឹងធ្វើការឆ្លើយតបប្រកបដោយ ភាពស្ងប់ស្ងាត់ ចំពោះជម្លោះ អធិបតេយ្យភាពលើប្រជុំកោះទាំងនោះ។ វាពិតប្រាកដណាស់ថា ប្រជុំកោះ ស៊ិនកាគុ គឺជាដែនអធិបតេយ្យបែបប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន»។
គួរបញ្ជាក់ថា ភាពតានតឹងនៅប្រជុំកោះខាងលើនេះ បានកើតឡើងជាថ្មី ក្រោយពីកងនាវាល្បាត និង នេសាទរបស់ចិន រាប់សិបគ្រឿង ជារឿយៗបានចល័តទៅក្នុងដែនទឹកនៃប្រជុំកោះ ស៊ិនកាគុ ដែលជប៉ុន កំពុងគ្រប់គ្រង ដោយចិនអះអាងថា វាគឺជាដែនកោះប្រវត្តិសាស្ត្រ របស់ខ្លួនផងដែរ៕