(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចែកកញ្ចប់អាហារ និងឧបករណ៍អាជីប (តុតុ និងម៉ូតូរ៉មក) ជូនប្រជាពលរដ្ឋខ្វះខាតចំនួន ជាង១០០គ្រួសារ ស្ថិតនៅបរិវេណវិហារឥស្លាមគីឡូមែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលអំណោយខាងលេីជាជំនួយរបស់សប្បុរសជននៃរដ្ឋកូវ៉ែត តាមរយៈសមាគមពិភពលោកនៃក្ដីមេត្តា សហការជាមួយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងសមាគមពិភពលោកនៃក្ដីមេត្តាប្រចាំនៅកម្ពុជា ប្រធានសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក ហាសាន់ អាប៊ូជូវែត តំណាងសមាគមពិភពលោកនៃក្ដីមេត្តាប្រចាំនៅកម្ពុជា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងលោកបណ្ឌិតទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដែលតែងតែជួយសម្រួលដល់សមាគមរបស់លោក ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងការបន្តផ្ដល់ជំនួយដល់ប្រជាពលរដ្ឋខ្វះខាត ក៏ដូចជាការចូលរួមពង្រឹងវិស័យអប់រំនៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សូមថ្លែងអំណរអរគុណដល់រដ្ឋាភិបាល និងប្រជាជនកូវ៉ែត ដែលបានរួមចំណែកអភិវឌ្ឍន៍ប្រជាជនកម្ពុជា និងតែងតែយកចិត្តទុកដាក់ ផ្ដល់ជំនួយមនុស្សធម៌ តាមរយៈសមាគមពិភពលោកនៃក្ដីមេត្តា សហការជាមួយសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម មកដល់ប្រជាជនកម្ពុជា ដូចជាផ្ដល់ជាអាគារសាលារៀន អាហារូបករណ៍ ផ្ទះ មន្ទីពេទ្យ វិហារឥស្លាម ឧបករណ៍អាជីប កញ្ចប់អាហារ និងអំណោយផ្សេងទៀត។ ជាពិសេសសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព និងការបេីកទូលាយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្រាប់ការទទួលអំណោយពីបណ្តាប្រទេសនានា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។

លោកបណ្ឌិត ក៏សូមចូលរួមអបអរសាទរ ដល់រដ្ឋកូវែត សម្រាប់ថ្ងៃឯករាជជាតិលើកទី៦៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ២០២៤ខាមុខនេះ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកផងដែរថា កម្ពុជាធ្លាប់ផុងក្នុងសង្រាមដ៏រាំរៃ ដែលធ្វើឲ្យកម្ពុជាបាត់បង់គ្រប់បែបយ៉ាង ប៉ុន្តែក្រោមការដឹកនាំដ៏ឆ្លាសវៃ របស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តមកសម្ដេចមហាបវរធិប ហ៊ុន ម៉ាណែត ទើបកម្ពុជាបានងើបឡើងក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងទទួលបាននូវសមិទ្ធផលវិជ្ជមានជាច្រើន ដូចសព្វថ្ងៃនេះ។

សូមជម្រាបថា ប្រជាពលរដ្ឋដែលទទួលអំណោយជាកញ្ចប់អាហារ មកពីសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ចំនួន១០០គ្រួសារ និងបងប្អូនប្រជាពលរដ្ឋដែលទទួលអំណោយជាឧបករណ៍អាជីប (តុតុ និងម៉ូតូរ៉មក) ចំនួន១៧គ្រឿង ក្នុងនោះមកពី ខេត្តកំពត ចំនួន៤គ្រួសារ, ខេត្តកំពង់ចាម ចំនួន២គ្រួសារ, រាជធានីភ្នំពេញ ចំនួន៣គ្រួសារ, ខេត្តកំពង់ធំ ចំនួន១គ្រួសារ, ខេត្តតាកែវ ចំនួន២គ្រួសារ, ខេត្តបាត់ដំបង ចំនួន២គ្រួសារ, ខេត្តសៀមរាប ចំនួន១គ្រួសារ, ខេត្តក្រចេះ ចំនួន១គ្រួសារ, ខេត្តត្បូងឃ្នុំ និងខេត្តស្ទឹងត្រែងចំនួន១គ្រួសារ ដែលសរុបជាថវិកាទាំងអស់ ចំនួន៤១,៨៥០ដុល្លារអាមេរិក៕