(ឥណ្ឌូនេស៉ី)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា លោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអគ្គលេខាធិការអាស៊ាន គ្រោងជួបជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលឥណ្ឌា ស្ថាប័នវិភាគស្រាវជ្រាវ ស្ថាប័នសិក្សាធិការ និងសហគមន៍ធុរកិច្ច ក្នុងគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា។

លោកបណ្ឌិត កៅ គឹមហួន ក៏នឹងធ្វើបាឋកថាពិសេស នៅសាកលវិទ្យាល័យ Nalanda ក្នុងរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា និងនៅស្ថាប័នវិភាគស្រាវជ្រាវ Indian Council of World Affairs ស្ថិតនៅទីក្រុងញូវឌេលី ដើម្បីជំរុញការទូតអាស៊ាន និងបង្កើនការយល់ដឹងអំពីអាស៊ាន។

បន្ថែមលើនេះ លោកអគ្គលេខាធិការអាស៊ាន ក៏នឹងជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងញូវឌេលី ដើម្បីចែករំលែកពីការវិត្តន៍ចុងក្រោយបង្អស់នៅក្នុងអាស៊ាន ដល់បណ្ដាឯកអគ្គរាជ/រដ្ឋទូតប្រទេសសមាជិកអាស៊ាន ប្រចាំនៅទីក្រុងញូវឌេលីផងដែរ៕