(ក្រចេះ)៖ លោក ឈុន ងាម និងលោកយាយ សឿង ស៊ីវខេង ជាពលរដ្ឋរស់នៅ ភូមិហាន់ជ័យលើទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានចេញប្រតិកម្ម និងបំភ្លឺលើការចេញផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមានចំណងជើងថា «មន្រ្តីយោធាម្នាក់រងការចោទប្រកាន់ថា គម្រាមកំហែងពលរដ្ឋរឿងជម្លោះដីធ្លីនៅខេត្តក្រចេះ»។
ក្នុងសេចក្ដីបំភ្លឺ លោក ឈុន ងាម និងលោកយាយ សឿង ស៊ីវខេង បានបញ្ជាក់ថា ដីដែលមានជម្លោះនោះ លោកបានទិញពីរដ្ឋអំណាចមូលដ្ឋាន ក្នុងតម្លៃ៣តំឡឹង៥ជី (តម្លៃមាស) តាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ដោយមានលិខិតស្នាមត្រឹមត្រូវ។ នៅឆ្នាំ១៩៩៣ លោកនិងក្រុមគ្រួសារបានឡើងមកបំពេញធុរៈនៅភ្នំពេញ ស្រាប់តែឈ្មោះ ទ្រុយ សូនី, ភន ចាន់សេង, ស៊ិប គឹមឆន និងបក្ខពួក៤នាក់ទៀត បាននាំគ្នាទៅកាប់បង្គោលគ្រាក់ព្រំដី វៃបំបែកពាងទឹក និងរំកិលព្រំដីចូលដល់ជើងសសរផ្ទះ អស់ប្រវែង១.២ម៉ែត្រ និងកន្ទុយដីផ្លូវអស់៤.១ម៉ែត្រ។
ករណីលួចរំកិលព្រំដីខាងលើ ត្រូវបានលោក ឈុន ងាម និងលោកយាយ ធ្វើការដាក់ពាក្យប្ដឹងទៅតុលាការ និងបានឈ្នះក្តីជាបន្តបន្ទាប់។ តែក្រោយពីចាញ់ក្ដីហើយ បក្ខពួកខិលខូចខាងលើ បាននាំគ្នាប្រឌិតរឿងបង្ខូចដល់លោក ឈួន ថាវរិន្ទ មន្រ្តីទ័ពឆ័ត្រយោង ឯណោះទៅវិញ ដូច្នេះហើយទើបវិទ្យុអាស៊ីសេរី ធ្វើការចុះផ្សាយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ តាមរយៈការផ្ដល់ព័ត៌មានភូតកុហករបស់ជនខិលខូចខាងលើ។
ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺលម្អិតរបស់លោក ឈុន ងាម និងលោកយាយ សឿង ស៊ីវខេង ទាក់ទងនឹងរឿងចោទប្រកាន់ដូចខាងក្រោមនេះ៖