(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ លោក ហ៊ូ ប៊ុណ្ណា ដែលគេស្គាល់ថាជាទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានក្រុមបច្ចេកទេសកិច្ចការអភិវឌ្ឃន៍ជំនួញ ក្រុមហ៊ុន Safe & Hygiene Co.,LTD និងកូនស្រីកញ្ញា ហ៊ូ សួស្ត៍សុជ្ជតា President / CFO ក្រុមហ៊ុន CJCT បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំ ដើម្បីនាំយកអំណោយទៅជួយដល់កុមារា រាជសី និងក្មួយៗ ដែលរៀននៅសាលាបឋមសិក្សាប្រម៉ាត់ដី ក្រោយពីលោកបានដឹងពីទុក្ខលំបាករបស់ រាជសី តាមរយៈវីដេអូដែលអ្នកគ្រូបន្ទប់ថ្នាក់ បានបង្ហោះលើបណ្តាញសង្គមរួចមក។

នៅពេលដែលលោក ហ៊ូ ប៊ុណ្ណា និងកូនស្រី បានទៅដល់សាលាបឋមសិក្សាភ្លាម លោក និងកូនស្រី បានធ្វើឲ្យលោករំជួលចិត្តនឹកឃើញដល់អតីតកាលរបស់លោកផងដែរ។ នៅពេលដែលបានជួប រាជសី លោកក៏បានរំលឹក ដល់អតីតកាល ការតស៊ូដែលលោកក៏ជាក្មេងកំព្រា តាំងពីលោកកើតបាន៧ថ្ងៃ ប៉ុន្តែពាក្យថា ក្មេងកំព្រាមិនបានធ្វើឲ្យលោកឈឺចាប់ ទោរទន់ទៅតាមជីវិតកំសត់មួយនេះទេ។ លោកបានប្រែក្លាយការឈឺចាប់ទាំងនោះទៅជាការខិតខំ ប្រឹងប្រែងរៀនសូត្រជម្នះឧបសគ្គផ្សេងៗ ទម្រាំលោកមកឈរនៅចំណុចនេះ ប្រឈមការលំបាកច្រើនរាប់មិនអស់។

លោក ហ៊ូ ប៊ុណ្ណា បានចែករំលែកបទពិសោធន៍ទៅដល់កុមារាកំសត់ រាជសី និងក្មួយៗ នៅសាលាបឋមសិក្សាថា លោកបានឆ្លងកាត់ការសិក្សាច្រើន មិនថាជំនាញអ្វីឡើយឲ្យតែលោកមានឱកាសបានរៀនសូត្រ លោកជឿជាក់ថា ចំណេះដឹងសំខាន់ ហើយបច្ចុប្បន្នលោកក៏បានទទួលផ្លែផ្កាពីការប្រឹងប្រែងនោះ កូនកំព្រាមិនអន់ទេ មិនទន់ខ្សោយទេ មានកូនកំព្រាច្រើនណាស់ ដែលតស៊ូរហូតដល់ទទូលបានផ្លែផ្កា ក្លាយទៅជាគ្រាប់ពេជ្រសង្គម។

លោក ហ៊ូ ប៊ុណ្ណា ត្រូវបានអ្នកជំនួញទាំងក្នុង និងក្រៅប្រទេសស្គាល់យ៉ាងច្បាស់ថា លោកជាធនធានដែលមានចំណេះដឹង គួរឲ្យសរសើរ ជាពិសេសផ្នែកជំនួញតែម្តង។ លោកជាអ្នកប្រឹក្សាយោបល់ផ្នែកជំនួញ ដ៏មានសក្តានុពល ម្នាក់ ហើយមានចំណេះដឹងផ្សេងៗ។

លោកជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែក ជារឿយៗលោកតែងតែឆ្លៀតពេលផ្តល់យោបល់ ទៅដល់អ្នកដែលត្រូវការឲ្យលោកជួយ លោកមិនដែលរើសអើងទេ ព្រោះតែលោកប្រកាន់ខ្ជាប់នៅគុណធម៌ យើងចេះត្រូវចែករំលែក មិនតែប៉ុណ្ណោះ លោកមានបទពិសោធន៍ការងារទាក់ទងជំនួញទាំងក្នុង និងក្រៅប្រទេសជាច្រើនឆ្នាំ។

លោកមានទំនាក់ទំនងល្អក្នុងវិស័យជំនួញ លក្ខណៈអន្តរជាតិ ហើយកាន់តែពិសេសទៀតលោកក៏ជាទីប្រឹក្សាខាងផ្នែកជំនួញយ៉ាងជំនាញ ហើយមានក្រុមហ៊ុនធំៗជាច្រើនបានទាក់ទងឲ្យលោក ធ្វើជាទីប្រឹក្សាទាំងរយៈពេលខ្លី និងវែងផងដែរ៕