(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនឯកឧត្តម ហូ សិទ្ធី ទេសរដ្ឋមន្ត្រី និងជានាយកខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងក្នុងសាររំលែកមរណទុក្ខ យ៉ាងដូច្នេះថា «ឯកឧត្តម និង លោកជំទាវ ជាទីស្រឡាញ់រាប់អាន! ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយ ឯកឧត្តម និង លោកជំទាវ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន កាលពីថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៦៖០០នាទីព្រឹក ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយជរាពាធ»។

មរណភាព របស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មុជ សុក្ខុន គឺជាការបាត់បង់មាតាបង្កើត មាតាក្មេក ជីដូន ជីជូនទូត ដែលក្នុងមួយជីវិតរបស់មហាឧបាសិកា តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ដ៏ល្អប្រពៃ តស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវឱវាទ ដំបូន្មានល្អៗដល់កូន ចៅ និងក្រុមគ្រួសារ ឱ្យរស់នៅប្រកបដោយគន្លងធម៌ ក្លាយជាបញ្ញវន្ត ជាធនធានមនុស្សដ៏មានតម្លៃនៅក្នុងសង្គមជាតិ និងចូលរួមបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។ លើសពីនេះទៅទៀត មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានរួមចំណែក កសាងសមិទ្ធផលជាច្រើន ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

ទោះបីរូបកាយ របស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងស្ថិតនៅក្នុងក្តីចងចាំ របស់ ឯកឧត្តម លោកជំទាវ កូន ចៅ និងញាតិមិត្តជិតឆ្ងាយ ទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ របស់មហាឧបាសិកា សូមឆាប់បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕