(ក្រចេះ)៖ កម្លាំងនគរបាលស្រុកសំបូរ ខេត្តក្រចេះក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបន្តប្រតិបត្តិការចាប់ជនដៃដល់ចំនួន៣នាក់ ពាក់ព័ន្ធការបាញ់ប្រហារបុរសនេសាទម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់រួចបញ្ជូនទៅ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ។
ហេតុការណ៍បាញ់ប្រហារបុរសនេសាទខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុច អន្លង់ត្រឡោកកន្ទុយកោះ តាចាន់ ភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
លោក ណយ ស៊ីថាច អធិការរងទទួលការងារយុតិ្តធម៌ ស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យទាំងបីនាក់ បានបាញ់រះចំនួន៧គ្រាប់ទៅលើ ជនរងគ្រោះ ហើយត្រូវ១គ្រាប់ ចំត្រគៀកពីម្ខាងធ្លាយទៅម្ខាង។ ជនរងគ្រោះឈ្មោះ ឃឹម សុខន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាអ្នក នេសាទរស់នៅភូមិកំពង់រទះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ នៅពេលដែលជនរងគ្រោះ កំពុងបើកទូកមកពីលើកលបកាលពីវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការរង បានបន្ដទៀតថា បន្ទាប់ពីហេតុនេះកើតឡើងកម្លាំង របស់លោកបានសហការជាមួយកម្លាំងប៉ុស្តិ៍អូគ្រៀង និងកម្លាំង ការិយាលយ័ជំនាញ់ព្រហ្មទណ្ឌកំរិតធ្ងន់ ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ទើបការស៊ើបអង្កេតដល់កន្លែងកើតហេតុ ហើយកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនឈ្មោះ ទីល ខាន ភេទប្រុស មុខរបរសមាជិក សហគមន៍នេសាទពន្ធជា និងជាឪពុកជនដៃដល់ ព្រមទាំងដកហូតបានអាវុធកែច្នៃ ចំនួន៣ដើម និងអាវុធអាកាស្វាយ ត្រង់ចំនួន១ដើម គ្រាប់ចំនួន៣១គ្រាប់។
លុះដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៦៖២០នាទី កម្លាំងនគរបាលឃាត់ខ្លួន ជនសង្ស័យ បានចំនួន២នាក់ទៀត ទី១.ឈ្មោះ សុខ អាចិត្ត ហៅបាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិព្នងមុខរបរសមាជិកសហគមន៍ នេសាទពន្ធជា រស់នៅភូមិពន្ធជាឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះជាជនដៃដល់បាញ់ ទៅលើជនរងគ្រោះទី២.ឈ្មោះ ត្រើត ដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិព្នងជាប្រជាជន រស់ភូមិឃុំ ជាមួយជនដៃដល់ជាអ្នកបើកទូក ឲ្យជនដៃដល់ពេលធ្វើសកម្មភាពបាញ់ទៅលើ ជនរងគ្រោះ។
លោក ណយ ស៊ីថាច បន្ដទៀតថា ក្រោយពីនាំខ្លួនជនសង្ស័យទាំងពីរនាក់ទៅសួរនាំ នៅអធិការស្រុកសំបូរទាំងពីរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំភ្លើង អាការស្វាយត្រង់បាញ់រះ ទៅលើជនរងគ្រោះចំនួន៧គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់មែន ព្រោះរងគ្រោះ ជាជនល្មើសឆក់ត្រី ហើយខ្លួនចុះបង្រ្គាបបទល្មើសនេសាទ រីឯឈ្មោះ ទីល ខាន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិព្នង ជាឪពុកជនដៃដល់ ពុំមានការពាក់ព័ន្ធ ក្នុងករណីបាញ់នេះឡើយ៕