(វ៉ាស៊ីនតោន)៖ នៅឯសហរដ្ឋអាមេរិក មនុស្សសរុប ៣៥,០៩២ នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចររាចរណ៍ ក្នុងមួយឆ្នាំ២០១៥ ពោលគឺចំនួននេះបានកើនឡើង ៧,២% បើធៀបទៅ នឹងឆ្នាំមុនៗ។ នេះបើយោងតាមរបាយការណ៍ប្រចំាឆ្នំា របស់ទីភ្នាក់ងារជាតិសុវត្ថិភាពផ្លូវហៃវ៉េ ហៅកាត់ថា NHTSA ចេញផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែសីហានេះ។
របាយការណ៍ដដែល ឱ្យបានដឹងទៀតថាមនុស្ស ៣៥,០៩២ នាក់គឺជា ចំនួនអ្នកដែលស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកគ្នានៅលើផ្លូវហៃវ៉េ កាលពីឆ្នាំ២០១៥ ។ ម្យ៉ាងវិញទៀត ការធ្វេសប្រហែស ការងងុយគេង រួមទំាង ការប្រើប្រាស់ទូរស័ព្ទ ក្នុងពេលបើកបរ គឺជាមូលហេតុដ៏ចម្បង នៃការកើនឡើង គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា បើយោងតាមក្រុមអ្នកជំនាញ ចំនួនអ្នកសា្លប់ពាក់ព័ន្ធនឹង គ្រោះថ្នាក់ចររាចរណ៍អាចនឹង បន្តកើនឡើងនៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំ២០១៦នេះ ព្រោះថា ក្នុងពេលបច្ចុប្បន្ន អត្រាអ្នកប្រើប្រាស់ រថយន្ដ កំពុងមានការកើនឡើងដោយសារតែ ឧស្ម័ន និង ប្រេងមានតម្លៃទាប ខណៈអត្រាអ្នកគ្មានការងារធ្វើ ក៏បាន និងកំពុង ធ្លាក់ចុះផងដែរ៕