(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មី នៃអធិការដ្ឋាននគរបាលក្រុងបាវិត ស្ថិតនៅក្នុង ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិតលើផ្ទៃដីទំហំ ៤៨គុណ១៧២ម៉ែត្រ ដែលមានចំនួន ០៥អគាររួមមាន៖ (អគារបម្រើការងារ ០២ខ្នង, អគារសាលប្រជុំ ០១ខ្នង, អគារស្នាក់នៅ ០១ខ្នង និងអគារឃុំខ្លួន ០១ខ្នង) ដែលគ្រោង នឹងចំណាយថវិកាសាងសង់ចំនួនប្រមាណ ៧០០,០០០ដុល្លារ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រី អភិបាល អភិបាលរងក្រុងបាវិត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនទាំងពីរ លោក លោកស្រី នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាល ក្រុងបាវិតជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ការកសាងអគាររដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត នេះឡើង ដើម្បីជួយសម្រួលដល់ការបំពេញការងាររបស់កងកម្លាំងនគរបាលឱ្យកាន់តែមានភាពងាយស្រួល ក្នុងការបម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋ រក្សាសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន ជាពិសេសក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ចផងដែរ៕