(កំពង់ឆ្នាំង)៖ យុទ្ធនាការសង្គ្រោះស្រូវប្រាំងក្នុងខេត្តកំពង់ឆ្នាំង បាននិងបន្តសកម្មភាពយ៉ាងស្រស្រាក់ស្រស្រាំជារៀងរាល់ថ្ងៃ នៅតាមស្រុកមួយចំនួន ដែលកំពុងជួបប្រទះការខ្វះខាតទឹក ដោយធ្វើយ៉ាងណាទប់ស្កាត់ និងសង្គ្រោះ ដំណាំស្រូវឲ្យបានទាន់ពេលវេលា។

ជាក់ស្ដែងនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខេត្ត, លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ មានអាជ្ញាធរស្រុកកំពង់លែង អាជ្ញាធរឃុំដារ អាជ្ញាធរភូមិ រួមនិងកងកម្លាំង ព្រមទាំងប្រជាការពារ បានចុះពិនិត្យស្ថានភាព នៃការប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំងកំពុងត្រូវការទឹក និងត្រៀមដើម្បីជួយសង្គ្រោះស្រូវប្រាំងនៅក្នុងភូមិសាស្ត្រមួយចំនួនទៀត ដែលមានការខ្វះខាតទឹក បញ្ចូលស្រែដែរនោះ ដូចជានៅក្នុងចំណុចស្ទឹងរ័ត្ន ស្ថិតនៅក្នុងឃុំដារ ស្រុកកំពង់លែង។

ទន្ទឹមនោះផងដែរ លោក សាន់ យូ អភិបាលរងខេត្តក៏បានជួយឧបត្ថម្ភប្រេងម៉ាស៊ូតចំនួន២៤០លីត្រ ដែលជាការជួយឧបត្ថម្ភរបស់លោកអភិបាលខេត្ត ផ្ដល់ជូនតាមរយៈលោកអភិបាលរងខាងលើនេះ ជូនដល់ក្រុមការងារក្នុង មូលដ្ឋានឃុំដារ ដើម្បីទុកប្រើប្រាស់ក្នុងការបូមទឹកបញ្ចូលស្រែនៅទីតាំងផ្សេងៗទៀត ដែលកំពុងជួបការខ្វះខាត។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានផ្ដល់ជូនដល់ប្រជាកសិករនូវវសារុង១ ក្រម៉ា១ម្នាក់ សម្រាប់ប្រើប្រាស់ផងដែរ។

សូមបញ្ជាក់ថា ប្រឡាយស្ទឹងរ័ដ្ឋ មានប្រវែង១០៧៩ ម៉ែត្រ និងមាន៨៦៨គ្រួសារ ដែលបានធ្វើស្រែប្រាំង មានចំនួន៥ភូមិ រួមមាន៖

*ភូមិថ្នល់មានចំនួន១៨០គ្រួសារ លើផ្ទៃដី២០០ហិកតា
*ភូមិជ្រលង មានចំនួន១៣៩គ្រួសារ លើផ្ទៃដី៩០៧ហិកតា
*ភូមិដារ៤០៨គ្រួសារ លើផ្ទៃដី៤៣៥ហិកតា
*ភូមិប្រាសាទ ចំនួន១៤គ្រួសារ លើផ្ទៃដីចំនួន៣០ហិចតា
*ភូមិគុយ មានចំនួន៨គ្រួសារ។

ក្នុងយុទ្ធនាការចុះជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋខាងលើនេះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅស្រុកកំពង់លែង មានស្រែប្រាំងរបស់ប្រជាកសិករ ចំនួន៥ឃុំ ដែលកំពុងត្រូវការទឹកដើម្បីស្រោចស្រព ក្នុងនោះមាន៖

*១៖ ឃុំត្រងិលចំនួន៥០០ហិកតា
*២៖ ឃុំស្វាយរំពារចំនួន ២៥០ហិកតា
*៣៖ ឃុំដារចំនួន៤០០ហិកតា
*៤៖ ឃុំច្រណុកចំនួន៨០០ហិកតា
*៥៖ ឃុំពោធិ ចំនួន៥០០ហិកតា។

លោកបានបញ្ជាក់ទៀតថា ក្នុងភូមិសាស្ត្រឃុំទាំង៥ខាងលើនេះ គឺមានការយកចិត្តទុកដាក់ពីអភិបាលខេត្តកំពង់ឆ្នាំង និងលោក សាន់ យូ អភិបាលរងខេត្ត សហការជាមួយមន្ទីរធនធានទឹកខេត្ត បានចុះមកជីក និងស្ដារប្រឡាយជាច្រើនខ្សែ រួមទាំងបានដាក់ម៉ាស៊ីនបូមទឹកខ្នាតធំជាច្រើនគ្រឿង បូមទឹកចេញពីទន្លេបឹងបួរទាំងយប់ទាំងថ្ងៃបើកបញ្ចូលស្រែ ដែលមកដល់បច្ចុប្បន្ននេះក្រុមការងារបានជួយសង្គ្រោះ និងទប់ស្កាត់ការក្រៀម ស្វិតស្រូវប្រាំងរបស់ប្រជាកសិករខាងលើបាន ៧០ភាគរយហើយដែរ។

តែទោះជាយ៉ាងនេះក្តី លោកអភិបាលខេត្ត នៅតែបានដាក់បទបញ្ជាបន្ថែមទៀតដល់អាជ្ញាធរគ្រប់មូលដ្ឋាន ដើម្បីត្រៀមក្នុងការជួយសង្គ្រោះដំ ណាំស្រូវប្រជាកសិករខាងលើនេះបន្តទៀត ដែលមានរយៈពេលជាច្រើនសប្តាហ៍ទៅមុខទៀត រហូតដ ល់ប្រជាកសិករបានប្រមូលផលជាស្ថាពរ៕